ឡាវ និងសិង្ហបុរី សម្ដែងការសាទរចំពោះជោគជ័យរបស់កម្ពុជាក្នុងការទប់ស្កាត់ ជំងឺរាតត្បាតកូវីដ-១៩
ភ្នំពេញ៖ ឯកឧត្តម សាឡឺមសៃ ឃុំម៉ាស៊ីត រដ្ឋមន្ត្រីការបរទេសឡាវ និងឯកឧត្តម Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានសម្ដែងការសាទរចំពោះប្រទេសកម្ពុជា ដែលទទួលបានជោគជ័យក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ និងគាំទ្រកម្ពុជាជាប្រធានអាស៊ាន។
ការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសទាំងពីរឡាវ-សិង្ហបុរីខាងលើនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានសន្តិភាព។
ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ឯកឧត្តម សាឡឺមសៃ ឃុំម៉ាស៊ីត រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានគោរពពាំនាំ នូវការផ្ដាំផ្ញើសាសួរសុខទុក្ខ ពី ឯកឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ជូនសម្ដេចតេជោ ហើយក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានជួបពិភាក្សាការងារជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន ប្រកបដោយផ្លែផ្កាក្នុងនោះ បានឯកភាពគ្នា ជំរុញអនុវត្ត រាល់ការងារទាំងឡាយដែលថ្នាក់ដឹកនាំ ប្រទេសទាំងពីរបានឯកភាពគ្នាកន្លងមក។ ពីនោះទៅទៀត ឯកឧត្តម សាឡឺមសៃ ក៏បាន គោរពជម្រាបជូនសម្ដេចតេជោ ផងដែរថា រដ្ឋាភិបាលឡាវ និងប្រជាជនឡាវ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុត ជូនចំពោះសម្ដេចតេជោ និងប្រជាជនកម្ពុជា ដែលកន្លងមក បានជួយរដ្ឋាភិបាលឡាវ និងប្រជាជនឡាវ រួមទាំងការផ្ដល់វ៉ាក់សាំង, ការផ្ដល់ រថយន្ត ក៏ដូចជា បរិក្ខារផ្សេងៗទៀត ឲ្យឡាវក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ , ហើយឯកឧត្តម ក៏បានសំដែងនូវការអបអរសាទរ ជូន ចំពោះកម្ពុជា, រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលជោគជ័យក្នុងការទប់ស្កាត់ ជំងឺរាតត្បាតកូវីដ-១៩ និងសម្ដែងនូវការអបអរសាទរ ជូនចំពោះកម្ពុជា ដែលបានទទួលធ្វើជាប្រធានអាស៊ាន ហើយបានបន្តថា រដ្ឋាភិបាលឡាវ សូមគាំទ្រកម្ពុជា ជាប្រធានអាស៊ាន និងគាំទ្រដំណើរទស្សនកិច្ច របស់សម្ដេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកសាមគ្គីភាពអាស៊ាន និងបន្តសហប្រតិបត្តិការល្អ ជាមួយកម្ពុជា ទាំងក្នុងតំបន់ និងនៅក្នុងឆាកអន្តរជាតិ។
ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តមសាឡឺមសៃ ដែលបានពាំនាំការសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី ឯកឧត្តមនាយករដ្ឋមន្ត្រីជូនចំពោះសម្ដេចតេជោ ។ ទន្ទឹមនឹងនោះ សម្ដេចតេជោបានមានប្រាសាសន៍ថា ប្រទេសយើងទាំងពីរត្រូវតែជួយគ្នាទៅវិញទៅមក នេះគឺជាការ ចាំបាច់ ក្នុងនាមជាប្រទេសបងប្អូន ហើយសម្ដេចតេជោ បានសំដែងនូវការឯកភាព ជាមួយនឹងការលើកឡើងរបស់ឯកឧត្តម សាឡឺមសៃដែលបាន ជម្រាបជូនថា បានពិភាក្សាជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុន ហើយបានឯកភាពគ្នា ក្នុងការជំរុញ កិច្ចការទាំងឡាយណា ដែលបាន មានការព្រមព្រៀងគ្នារវាងថ្នាក់ដឹកនាំកំពូល រវាងប្រទេសទាំងពីរហើយ។ ជាទីបញ្ចប់ សម្ដេចតេជោ បានមានប្រសាសន៍ថា សម្ដេចពិតជាមានការរីករាយណាស់ ជាមួយនឹងវឌ្ឍនភាព នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
បន្ទាប់ពីបានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សាឡឺមសៃ ឃុំម៉ាស៊ីត រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តជួបជាមួយឯកឧត្តម Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី ។
ឯកឧត្តមវីវៀន បានថ្លែងអំណរសាទរជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលមេដាយសន្តិភាព ស៊ុនហាក់ ហើយបានមានប្រសាសន៍ថា នេះជាការទទួលស្គាល់ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជា ឬនៅក្នុងតំបន់ទេ គឺទូទាំងពិភពលោក ។
ឯកឧត្តម វីវៀន ក៏បានសម្ដែងនូវអំណរសាទរជូនសម្ដេចតេជោផងដែរ ដែលបានទទួលនូវ ជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាជន បានច្រើនជាងគេ នៅក្នុងតំបន់ ច្រើនជាងប្រទេសអភិវឌ្ឍន៍មួយចំនួន ហើយអត្រាស្លាប់ក៏មានទាបជាងគេដែរ , នេះគឺជាកត្តាដែលអនុញ្ញាតឲ្យកម្ពុជា អាចបើកប្រទេសឡើងវិញបានយ៉ាងឆាប់រហ័ស ហើយអ្នកវិនិយោគសិង្ហបុរីក៏មានចំណាប់អារម្មណ៍មកវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរ ជាពិសេសនៅលើវិស័យពាណិជ្ជកម្ម លើវិស័យឃ្លាំងស្តុកទំនិញត្រជាក់ ក៏ដូចជាវិស័យដឹកជញ្ជូនផងដែរ ។ ក្នុងន័យនេះឯកឧត្តម វីវៀន បានគោរពជម្រាបជូន សម្ដេចតេជោថា សិង្ហបុរី បន្ត គាំទ្រនិង ជំរុញពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសទ្វេភាគី រវាងប្រទេសទាំងពីរ និងគាំទ្រកម្ពុជាជាប្រធានអាស៊ាន ។
ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម វីវៀន ដែលបានសម្ដែងនូវការអបអរជូនចំពោះសម្ដេច និងការពាំនាំការផ្តាំផ្ញើសួរសុខទុក្ខអំពីឯកឧត្តម នាយករដ្ឋមន្ត្រី ហើយក៏បានថ្លែងអំណរគុណជូនសិង្ហបុរី ដែលបានគាំទ្រកម្ពុជាជាប្រធានអាស៊ាន ហើយចាត់ទុកកម្ពុជាជាតំបន់សុវត្ថិភាព ក្នុងការបើកការហោះហើរឡើងវិញ ។
ជាមួយគ្នានេះផងដែរ សម្ដេចតេជោ បានលើកទឹកចិត្តឲ្យមានការជំរុញ ការវិនិយោគមកកម្ពុជាកាន់តែច្រើន ជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែធំ និងពិនិត្យមើលលើកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ លើវិស័យសុខាភិបាល និងវិស័យដទៃទៀតដែលអាចធ្វើទៅបាន ។ ក្នុងជំនួបនេះ សម្ដេចតេជោ ក៏បានជម្រាបជូនឯកឧត្តមវីវៀនដែរអំពី គោលបំណងរបស់សម្ដេច ក្នុងការធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដែលរួមមានទី១) គឺធ្វើយ៉ាងណា កាត់បន្ថយឬលុបបំបាត់អំពើហិង្សា តាមរយៈការឈប់បាញ់គ្នា ,ទី២) រកវិធី ផ្ដល់ជំនួយមនុស្សធម៌ជូនដល់ប្រជាជនមីយ៉ាន់ម៉ា ដោយគ្មានការរើសអើង និងទី៣) គឺបង្កើតនូវការសន្ទនា៕