សម្ដេចតេជោ ហ៊ុន សែន កំណត់ពេលវេលាឲ្យក្រសួងព័ត៌មានលុបអាជ្ញាបណ្ណវិទ្យុ VOD នៅថ្ងៃស្អែក ក្នុងករណីដែលពួកគេមិនធ្វើការសូមទោស
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កំណត់ពេលវេលាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាបណ្ណបញ្ចប់ការផ្សាយរបស់វិទ្យុ VOD ត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣កុម្ភៈ ស្អែកនេះ ក្នុងករណីដែលពួកគេមិនបានធ្វើការសូមទោស ពាក់ព័ន្ធការចុះផ្សាយព័ត៌មានមួលបង្កាច់លើឯកឧត្ដម ហ៊ុន ម៉ាណែត ថាចុះហត្ថលេខាជំនួសសម្ដេចលើថវិកាជំនួយទៅប្រទេសទួរគី។
សម្ដេចតេជោ បានសរសេរលើហ្វេសប៊ុកថា “មុននេះបន្តិចខ្ញុំបានឆ្លើយតបជាមួយឈ្មោះ Min Pov ទាក់ទងដល់វិទ្យុVOD ដូចមានខ្លឹមសារជូនភ្ជាប់មកជាមួយ។ ខ្ញុំកំពុងរង់ចាំចម្លើយពីគាត់វិញ។ ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលា សូមទោសមកនៅត្រឹម ២៤ ម៉ោង គឺកំណត់ត្រឹមម៉ោង 10.00 នាទីព្រឹកថ្ងៃ១៣កុម្ភៈ២០២៣វិញ។”
សម្ដេចតេជោបានបញ្ជាក់ថា ដើម្បីកុំឲ្យយប់យូរសុបិនច្រើននិងអន្ទង់វែងឆ្នាំងវែង សម្ដេចបានបញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណបញ្ចប់ការផ្សាយរបស់ វិទ្យុVOD ត្រឹមម៉ោង ១០និង០០នាទីនាទីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ស្អែកនេះ ក្នុងករណីដែលពួកគេមិនបានធ្វើការសូមទោស។
សម្ដេចបន្តថា “ដំបៅមិនឈឺកុំយកឈើចាក់។ បើគង់តែពួក គេចោទថា ខ្ញុំប្រើអំណាចខ្ញុំត្រូវតែប្រើអំណាចនេះ ដើម្បីបំពេញបំណងរបស់ពួកគេ។”
សម្ដេចតេជោ ហ៊ុន សែន បានឲ្យឯកឧត្តម ប៊ិន ឈិន ដែលនឹងត្រូវធ្វើជា នាយករដ្ឋមន្ត្រីស្តីទីត្រូវធ្វើកិច្ចការនេះឲ្យបាននៅថ្ងៃស្អែកនេះ ព្រោះទាំងសម្តេចផ្ទាល់, សម្ដេចក្រឡាហោម ស ខេង, សម្ដេចពិជ័យសេនា ទៀ បាញ់, លោកជំទាវ ម៉ែន សំអន នឹងទស្សនកិច្ចនៅឡាវជាមួយគ្នា។
សូមជម្រាបជូនថា កាលព្រឹកពីថ្ងៃទី១១កុម្ភៈម្សិលមិញ ឯកឧត្ដម ហ៊ុន ម៉ាណែត បានប្រកាសឲ្យសារព័ត៌មានវិទ្យុ VOP បំភ្លឺព័ត៌មានដែលខ្លួនបានចុះផ្សាយថា “មន្ត្រីរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុក ដោយចុះហត្ថលេខាផ្ដល់ជំនួយថវិកាទៅឲ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីនោះ មិនមែនជារឿងខុសឆ្គងទេ ដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាឪពុកកំពុងមានធុរៈ រីឯអ្នកឃ្លាំមើលយល់ថា បើអនុលោមតាមច្បាប់ គឺនាយករដ្ឋមន្ត្រីស្ដីទី ឬឧបនាយករដ្ឋមន្ត្រី គួរជាអ្នកបំពេញភារកិច្ចនេះនៅពេលនាយករដ្ឋមន្ត្រីខកខាន។”
ឯកឧត្ដម ហ៊ុន ម៉ាណែត បានសម្ដែងការហួសចិត្តហើយថា “ពិតជាមានរឿងប្លែកៗមែន… បើអ្នកនិយាយតាម facebook តាមអារម្មណ៍មិនមានអាជីពពិតប្រាកដខ្ញុំមិនថាទេ ប៉ុន្តែសម្រាប់សារព័ត៌មានអាជីពដែលជ្រកក្រោមអង្គភាពសារពត៌មានច្បាស់លាស់ ខ្ញុំត្រូវការការបំភ្លឺមួយដែលមានភាពប្រាកដប្រជា និងការទទួលខុសត្រូវ៖ ខ្ញុំសុំអោយវិទ្យុ VOD បង្ហាញឯកសារដែលបញ្ជាក់ថាខ្ញុំបានចុះហត្ថលេខាជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅអោយប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះខ្ញុំមិនបានដឹងរឿងនេះ ហើយខ្ញុំក៏មិនមានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលដែរ។”
ឯកឧត្ដម បន្តថា បើ VOD មិនមានឯកសារ ហើយចុះផ្សាយពត៌មានមិនត្រឹមត្រូវ សូមធ្វើការសុំទោស ព្រមទាំងធ្វើការកែសម្រួលព័ត៌មាន និងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ ដើម្បីកុំអោយសាធារណៈមតិមានការយល់ច្រឡំក្នុងរឿងនេះ។ ឯកឧត្ដម មិនចង់បានអ្វីក្រៅតែពីការពារភាពត្រឹមត្រូវ និងច្បាស់លាស់ទេ។
បន្ទាប់ពីមានសារប្រតិកម្មនេះ នៅល្ងាចថ្ងៃទី១១កុម្ភៈ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហោះសារមួយផងដែរ ដោយសម្ដេចបានបញ្ជាក់ថា “ដើម្បីបញ្ចប់នូវការភាន់ច្រឡំ ឬរហូតដល់ការមួលបង្កាច់ដោយចេតនាពីវិទ្យុVOD មិនត្រឹមតែលើ ហ៊ុន ម៉ាណែតប៉ុណ្ណោះទេតែវាជារឿងរបស់រាជរដ្ឋាភិបាលទាំងមូលលើការគ្រប់គ្រងថវិកាជាតិ ខ្ញុំសូមចែក រំលែកនូវរបៀបគ្រប់គ្រងថវិកានិយាយជារួម និងនិយាយដោយឡែកលើការផ្តល់ ជំនួយចំពោះប្រទេសតួកគី។ ច្បាប់ និងការអនុវត្តនៅប្រទេសយើង គឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់មានសិទ្ធិបញ្ជាចំណាយក្រោមច្បាប់ថវិកាជាតិដែលជាអគ្គបញ្ជាការកំពូល។ ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ គឺជា នាយអគ្គសេនាធិការ សម្រាប់ដឹកនាំអនុវត្ត ឯថ្នាក់ដឹកនាំផ្សេងរាប់ទាំងឧបនាយករដ្ឋមន្ត្រីមិនមានសិទ្ធិ ឬមកលូកលាន់កិច្ចការនេះឡើយលើកលែងតែការបញ្ជាចំណាយក្នុងស្ថាប័នរបស់ខ្លួនដែលច្បាប់ថវិកាផ្តល់ជូន។”
សម្ដេចតេជោ បញ្ជាក់ថា សម្រាប់ជំនួយទៅប្រទេសតួកគីយោបល់ ទីមួយគឺរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ព្រឹកថ្ងៃទី៨កុម្ភៈ ម៉ោង៦និ៥៦នាទី ហើយសម្ដេចបញ្ជាឲ្យប្រកាស់១០ ម៉ឺនដុល្លារម៉ោង ៧និង១២នាទី និងបញ្ជូនសំណេរទាំងពីរជូន ឯកឧត្តម អូន ពន្ធមុនីរ័ត្ន ដែលគាត់ឆ្លើយទទួលអនុវត្តនៅម៉ោង៧និង១៨នាទីព្រឹកថ្ងៃទី៨កុម្ភៈ ២០២៣ ដូចគ្នា។
សម្ដេចតេជោ បានចោទជាសំនួរថា តើការចោទលើហ៊ុន ម៉ាណែតជាការវាយប្រហារខាងនយោបាយ ឬជាការភាន់ច្រឡំ?
សម្ដេចបានប្រកាសថា ទុកពេលឲ្យវិទ្យុ VOD សូមទោសជាសាធារណៈរយៈពេល ៧២ ម៉ោងដោយសុំទោសរាជរដ្ឋាភិបាលផង និងសុំទោសឯកឧត្ដម ហ៊ុន ម៉ាណែត ផង។
ជាមួយគ្នានោះដែរ សម្ដេចបានបញ្ជាក្រសួងព័ត៌មានត្រូវធ្វើការជាមួយVODព្រមជាមួយគ្នាឯកឧត្តម គី តិច ប្រធាន មេធាវីរាជរដ្ឋាភិបាលត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេមិនព្រមសុំទោស។
សម្ដេចតេជោបញ្ជាក់ថា យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំ និងត្រឹមត្រូវរបស់យើងនោះឡើយ។ សូមកុំថាយើងគំរាមឱ្យសោះ(សិទ្ធិរបស់អ្នកមានព្រំដែនជាមួយសិទ្ធិរបស់អ្នកដទៃ)។ មិត្តភក្តិបរទេស ឬសង្គមស៊ីវិលមុនបញ្ចេញមតិសូមស្រាវជ្រាវរឿងនេះជាមុនសិនទាំងអង្គហេតុ និង អង្គច្បាប់។
សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកនូវពាក្យដាស់តឿន សម្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣កន្លែងទៅដែរ គឺ (អ្នកសារព័ត៌មាន កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត)៕