ឯកអគ្គរដ្ឋទូតវៀតណាមលើកឡើងថាជោគជ័យយុទ្ធសាស្រ្តចាក់វ៉ាកសំាងកូវីដ-១៩ធ្វើឱ្យកម្ពុជា ជាកន្លែងសុវត្ថិភាពសម្រាប់អ្នកទេសចរ
![ឯកអគ្គរដ្ឋទូតវៀតណាមលើកឡើងថាជោគជ័យយុទ្ធសាស្រ្តចាក់វ៉ាកសំាងកូវីដ-១៩ធ្វើឱ្យកម្ពុជា ជាកន្លែងសុវត្ថិភាពសម្រាប់អ្នកទេសចរ](https://vopcambodia.com/wp-content/uploads/2021/12/VOP4-1.jpg)
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang )ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចំានៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ។
ក្នុងការចូលជួបសម្តែងការគួរសមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជាដែលបានផ្លាស់ប្តូរមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានេះដែរ ឯកឧត្តម សូមសម្ដែងនូវការកោតសរសើរចំពោះនយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលទទួលបានជោគជ័យយ៉ាងធំធេង និងបាន ធ្វើឱ្យកម្ពុជាមានលទ្ធភាពបើកប្រទេសឡើងវិញហើយក្លាយជាទីកន្លែងសុវត្ថិភាពសម្រាប់អ្នកទេសចរ ព្រមទាំងបានថ្លែងអំណរគុណចំពោះកម្ពុជាដែលបានផ្តល់ថវិកានិងបរិក្ខាពេទ្យដល់ប្រទេសវៀតណាមនៅក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នាពេលកន្លងមក។
ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានសន្យាចំពោះសម្ដេចប្រធានរដ្ឋសភាថា ក្នុងបេសកកម្មកាទូតនៅកម្ពុជា ឯកឧត្តមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីបន្តពូនជ្រុំទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ទ្វេភាគីឱ្យបានកាន់តែរីកចម្រើនឡើងថែមទៀត ទំាងវិស័យការទូត សង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្ម ជាដើម។ល។ ឯកឧត្តម ង្វៀន ហ៊ុយតាំង បានជម្រាបជូនសម្តេចថា ទោះបីនៅក្នុងកាលៈទេសៈកូវីដ-១៩នេះក្តី ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជានិងវៀតណាមបានកើនឡើងជាលំដាប់ ក្នុងនោះការនាំចូលរបស់កម្ពុជាទៅប្រទេសវៀតណាមបានច្រើនជាងវៀតណាមនាំចូលមកកម្ពុជា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងនូវក្តីសោមនស្សរីករាយ និងសាទរចំពោះឯកឧត្តមង្វៀន ហ៊ុយតាំង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា។ សម្តេចបានមានប្រសាសន៍ថា បេសកកម្មការទូតថ្មីរបស់ឯកឧត្តម នៅកម្ពុជាពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបន្តពូនជ្រុំ លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់ រវាងប្រទេស ទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។ រដ្ឋសភាកម្ពុជា កោតសរសើរដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលរដ្ឋាភិបាលប្រទេសទាំងពីរ បានរួមគ្នាសម្រេចបានក្នុងអាណត្តិជាបន្តបន្ទាប់មកនេះ ដែលបាននាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។
ឆ្លៀតឱកាសនេះ សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ប្រទេសវៀតណាម ដែលបាន ផ្តល់ជំនួយ២៥លានដុល្លាអាមេរិក សម្រាប់សាងសង់អគាររដ្ឋបាលថ្មីដល់រដ្ឋសភាកម្ពុជា ដែលមកដល់ពេលនេះគម្រោងសាងសង់កំពុងដំណើរការជ្រើសរើសក្រុមហ៊ុនសាងសង់ ដែលមកទល់ពេលនេះមានក្រុមហ៊ុនមួយចំនួនបានដាក់ពាក្យដេញថ្លៃសាងសង់ រួមទំាងក្រុមហ៊ុនរបស់ប្រទេសវៀតណាមវៀតផងដែរ។ សម្តេចបានបញ្ជាក់ថា ការសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាដែលជាជំនួយរបស់ប្រទេសវៀតណាមនេះ គ្រោងនឹងបើកការដ្ឋាននៅដើមឆ្នាំ២០២២ខាងមុខនេះ៕
![](https://z-p3-scontent.fpnh18-1.fna.fbcdn.net/v/t39.30808-6/p526x395/265384569_2043933815780083_5280090080807225203_n.jpg?_nc_cat=100&_nc_rgb565=1&ccb=1-5&_nc_sid=730e14&_nc_eui2=AeGezBw3q_0PBLbPF6qGyoRhdxnbrtQ6iV13Gduu1DqJXXfsFbepRwWkpEpYDkcAgJO0pYBYDpXBoNdZpDil2dcE&_nc_ohc=mIfM7lxbeewAX9bBoWa&_nc_zt=23&_nc_ht=z-p3-scontent.fpnh18-1.fna&oh=aadd774d03ea7df22a7d9d1e5a319d81&oe=61B3B403)
![](https://z-p3-scontent.fpnh18-3.fna.fbcdn.net/v/t39.30808-6/p526x395/265426331_2043933482446783_4011420050180461089_n.jpg?_nc_cat=101&_nc_rgb565=1&ccb=1-5&_nc_sid=730e14&_nc_eui2=AeH5In1z_XalgwSj_I8mLW15ZCMtZWpBhM5kIy1lakGEzj7kfYVQiiJPBqlw3_fIps7RrLL4gD_K1HN9eS739bav&_nc_ohc=6i70lGQ66poAX-j5k8m&_nc_zt=23&_nc_ht=z-p3-scontent.fpnh18-3.fna&oh=88a8ad833fa30871ece8533b8eb19860&oe=61B336AF)
![](https://z-p3-scontent.fpnh18-1.fna.fbcdn.net/v/t39.30808-6/p526x395/265154825_2043933455780119_8912136262729288915_n.jpg?_nc_cat=100&_nc_rgb565=1&ccb=1-5&_nc_sid=730e14&_nc_eui2=AeHGMC3s5thrxhu3ev75dIb3CB7WGRzisWAIHtYZHOKxYFHM1LITfc36qUAgizMPQrNMzFgRylE4JOS3RPKvgAUs&_nc_ohc=Sussnt66qOwAX_aokkV&_nc_zt=23&_nc_ht=z-p3-scontent.fpnh18-1.fna&oh=4d03cbcc56b4a707a970d0d211b8389b&oe=61B408CF)
![](https://z-p3-scontent.fpnh18-3.fna.fbcdn.net/v/t39.30808-6/p526x395/265045841_2043933419113456_8532223792156037194_n.jpg?_nc_cat=109&_nc_rgb565=1&ccb=1-5&_nc_sid=730e14&_nc_eui2=AeHqAf0xctKRFvdWJYpxgxlURxEF-rA-S1FHEQX6sD5LUQJG1h0exzAl-DsWJioLkb3bK6DE8OH1hlQDvbU-ssdA&_nc_ohc=WG3nnhxnPtwAX8duGdv&_nc_zt=23&_nc_ht=z-p3-scontent.fpnh18-3.fna&oh=8dd5b7ef54ce2ca57012e5bc8851cbe5&oe=61B39CD6)
អត្ថបទទាក់ទង