សម្ដេចតេជោ ហ៊ុន សែន បានបញ្ចប់ការធ្វើចត្តាឡីស័ក ខណៈលទ្ធផលតេស្តលើកចុងក្រោយ អវិជ្ជមានវីរុសកូវីដ១៩
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា ការតេស្តសំណាកលើកចុងក្រោយរបស់សម្ដេច គឺអវិជ្ជមានវីរុសកូវីដ១៩ ហើយការធ្វើចត្តាឡីស័កនៅល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ។
តាមរយៈហ្វេសប៊ុកផ្លូវការ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនេះក្រុមគ្រូពេទ្យបានមកយកសំណាកខ្ញុំទៅធ្វើតេស្តជាលើកចុងក្រោយ បន្ទាប់ពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ លទ្ធផលពីមន្ទីរពិសោធន៍បានបញ្ជាក់ថា ខ្ញុំអវិជ្ជមានពីកូវីដ-១៩ ដែលខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីស័កត្រឹមល្ងាចថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២១ នេះ។»
សម្ដេចតេជោ បានលើកឡើងដែរថា ក្នុងចំណោមមេដឹកនាំអាស៊ាន ប្រហែលមានតែសម្ដេចម្នាក់ទេដែលធ្វើចត្តាឡីស័កច្រើនជាងគេរហូតដល់ទៅ៣ដងក្នុងរយៈពេល៨ខែ ហើយសម្ដេចក៏សង្ឃឹមថានឹងពុំមានលើកទី៤ទៀតទេ។ សម្ដេចបន្តថា ដើម្បីធានាថាពុំមានលើកទី៤ មនុស្សដែលត្រូវជួបសម្ដេចត្រូវបានធ្វើតេស្តជាមុនយ៉ាងហោចណាស់គឺការធ្វើតេស្តរហ័ស និងកាន់តែធានាសម្រាប់ទាំងអស់ គឺការមិនជួបគ្នាដោយផ្ទាល់ និងជំនួសដោយការជួបគ្នា តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិញ៕