គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ សម្រេចឲ្យក្រសួងសុខាភិបាលរៀបចំចាក់វ៉ាក់សាំង ដល់កម្មករប្រមូលសំរាមអ្នករត់taxi ម៉ូតូកង់បី និងម៉ូតូឌុប

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១​ |
    សម្ដេចតេជោ សម្រេចឲ្យក្រសួងសុខាភិបាលរៀបចំចាក់វ៉ាក់សាំង ដល់កម្មករប្រមូលសំរាមអ្នករត់taxi ម៉ូតូកង់បី និងម៉ូតូឌុប សម្ដេចតេជោ សម្រេចឲ្យក្រសួងសុខាភិបាលរៀបចំចាក់វ៉ាក់សាំង ដល់កម្មករប្រមូលសំរាមអ្នករត់taxi ម៉ូតូកង់បី និងម៉ូតូឌុប

    នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីព្រឹកថ្ងៃទី២៨កុម្ភ:  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំអចិន្រ្តៃយ៍គណ:រដ្ឋមន្ត្រីបន្ទាន់ ពាក់ព័ន្ធនឹងបញ្ហាកូវីដ១៩។

    កិច្ចប្រជុំបន្ទាន់នេះ សម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ច ជូនក្រសួងសុខាភិបាល រៀបចំកម្មវិធីដើម្បីចាក់វ៉ាក់សាំង ការពារជំងឺកូវីដ19 ជូនដល់កម្មករប្រមូលសំរាម អ្នករត់តាក់ស៊ី អ្នកបើកម៉ូតូកង់បី អ្នករត់ម៉ូតូឌុប ។ ទី 2 រាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ច ជូនឯកឧត្តម ម៉ម    ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាតំណាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទៅទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ19 ដែលជាអំណោយរបស់អង្គការសុខភាពពិភពលោក (WHO) ដែលនឹងមកដល់ កម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។

    សូមបញ្ជាក់ថា កិច្ចប្រជុំបន្ទាន់ អចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីថ្ងៃនេះ គណៈរដ្ឋមន្ត្រី បានលើកយករបៀបវារៈ  រួមមាន  សេចក្តីព្រាងច្បាប់ស្ដីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ19 នឹងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មកពិភាក្សា។ទី២បញ្ហាផ្សេងៗ។

    ក្រោយពីបានស្ដាប់របាយការណ៍និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមក អង្គប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីបានសម្រេច ១.សេចក្តីព្រាងច្បាប់ស្ដីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ19 នឹងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានរៀបចំឡើងក្នុងបរិការណ៍ ដែលពិភពលោកកំពុងប្រឈមមុខនឹងការឆ្លងរាលដាលនៃជំងឺកូវីដ19 កាន់តែសាហាវ ស្មុគស្មាញ និងក្នុងទ្រង់ទ្រាយកាន់តែធំដែលបានបង្កឲ្យមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ វិស័យសេដ្ឋកិច្ចនិងសង្គម ព្រមទាំងជីវភាពរស់នៅជាប្រក្រតីរបស់មនុស្សជាតិ។កន្លងមកកម្ពុជាធ្លាប់បានឆ្លងកាត់ការផ្ទុះរាលដាល នៃជំងឺកូវីដ19 ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដែលបានទប់ស្កាត់និងបញ្ចប់ប្រកបដោយជោគជ័យ នូវព្រឹត្តិការណ៍នៃការឆ្លងរាលដាលនៃជម្ងឺ covid 19 ចំនួន 2 លើកគឺលើកទី 1 ហៅថាព្រឹត្តិការណ៍ 3 វិច្ឆិកា ២០២០ និងលើកទី 2 ជាព្រឹត្តិការណ៍នៃការឆ្លងរាលដាលចូលសហគមន៍ជាលើកដំបូងហៅថាព្រឹត្តិការណ៍សហគមន៍ 28 វិច្ឆិកា២០២០។បច្ចុប្បន្នកម្ពុជាកំពុងប្រឈមមុខនឹងការឆ្លងរាលដាលនៃជំងឺ covid-19 ជាលើកទីបីដែលហៅថា ព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ ២០២១ដែលមានសភាពធ្ងន់ធ្ងរនិងមានទ្រង់ទ្រាយធំជាងព្រឹត្តិការណ៍ពីរលើកមុនៗ។សេចក្តីព្រាងច្បាប់នេះ កំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀតដែលត្រូវអនុវត្តដើម្បីប្រយុទ្ធនឹងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ19 នឹងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ននិងពេលអនាគត សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈនិងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមា នូវផលប៉ះពាល់នៃការឆ្លងជំងឺនេះចំពោះវិស័យសង្គមនិងសេដ្ឋកិច្ចនៅកម្ពុជា។ សេចក្តីព្រាងច្បាប់នេះបង្កើតឲ្យមានមូលដ្ឋានគតិយុត្តមួយរឹងមាំនិងគ្រប់ជ្រុងជ្រោយ បន្ថែមទៀតដល់ការគ្រប់គ្រងស្ថានការណ៍ នៃការឆ្លងរាលដាលនៃជំងឺកូវីដ19 នឹងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតនៅកម្ពុជា។សេចក្តីព្រាងច្បាប់នេះ មាន 6ជំពូក ១៨មាត្រា ដែលមានចែងអំពីទោសបញ្ញត្តិ ហើយត្រូវបញ្ជូនទៅសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៕

    អត្ថបទទាក់ទង