សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជារំពឹងទទួលបានចំណូលថវិកាប្រមាណ ៤០លានដុល្លារក្នុងមួយឆ្នាំ ពីឧស្សាហកម្មរ៉ែមាសដែលនឹងចាប់ដំណើរការនៅក្នុងខែមិថុនានេះ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជារំពឹងថានឹងទទួលបានចំណូលប្រហែល ៤០លានដុល្លារបន្ថែមទៀតក្នុងមួយឆ្នាំ បន្ទាប់ឧស្សាកម្មរ៉ែមាសលើកដំបូងនៅកម្ពុជាចាប់ផ្ដើមដំណើរការនោះ។
ក្នុងសារលិខិតផ្ញើជូនជនរួមជាតិនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសពីការដាក់ឲ្យដំណើរការ ការរដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះតទៅ។ ការបើកឲ្យដំណើរការការរដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ បានធ្វើឡើងបន្ទាប់ពីបានសិក្សាស្រាវជ្រាវរុករកអស់រយៈពេលប្រមាណ ១៤ឆ្នាំ របស់ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល(ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី ទីមួយ ដែលចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សាហកម្មតាមស្តង់ដារអន្តរជាតិ ដោយបាន ផលិតចេញនៅថ្ងៃនេះជាមាសដុំពាក់ កណ្ដាលសម្រេចដែលមានអត្រាមាស៩០%។ តាមរបាយការណ៍សមិទ្ធិលទ្ធភាពដែលបានផ្ដល់ក្រុមហ៊ុនអាចផលិតមាសសុទ្ធបាន ប្រមាណ ៣ (បី) តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំ ដំបូង។ ក្រុមហ៊ុនរំពឹងថានឹងអាចពង្រីកលទ្ធភាពអាជីវកម្ម បន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។
កម្ពុជារំពឹងថា ផលិតផលមាសជា លក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់ អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនឹងផ្តល់ផលប្រយោជន៍ជា ចំណូលជាមធ្យមប្រមាណ ១៨៥ (មួយរយប៉ែតសិបប្រាំ) លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពី សួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០ (សែសិប) លានដុល្លារ ក្នុងមួយឆ្នាំ។ ថវិកាទាំងនេះនឹង ត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕