សម្តេចតេជោ ហ៊ុន សែន៖ ពានរង្វាន់បាល់ទាត់ពិភពលោកមកដល់កម្ពុជា ជាសក្ខីភាពបង្ហាញ ពីសុខសន្តិសុខ និងសក្ដានុពលជាតិ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពានរង្វាន់បាល់ទាត់ពិភពលោកបានមកដល់កម្ពុជា ជាសក្ខីភាពបង្ហាញទៅពិភពលោក និងអ្នកគាំទ្របាល់ទាត់ជាង៣០០០ លាននាក់ អំពីសុខសន្តិសុខ និងសក្ដានុពលជាតិ ដែលប្រជាជនកម្ពុជា បាននិងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា ជាមួយនឹងជីវភាពកាន់តែប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ។
ពានបាល់ទាត់ពិភពលោក (FIFA WORLD CUP) បានមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលមានការអញ្ជើញទទួលស្វាគមន៍ និងលើកពានរង្វាន់នេះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចពិតជាមានមោទនភាព ដូចប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាច្រើនដែលបានកាន់ និងលើកពានរង្វាន់បាល់ទាត់ពិភពលោកដ៏មានអត្ថន័យនេះ ។ ជាការពិត ពាននេះក៏ជានិមិត្តរូបតំណាងឱ្យមនុស្សជាតិលើពិភពលោកទាំងមូលផងដែរ ពីព្រោះពានរង្វាន់នេះតំណាងឱ្យប្រជាជន និងមនុស្សជាតិរាប់ពាន់លាននាក់ ដែលចូលចិត្តស្រឡាញ់កីឡាបាល់ទាត់ និងស្រឡាញ់គោលការណ៍លេងដោយយុត្តិធម៌ដែលគេតែងតែ ហែ្វរ ទង់ (Fair Play) ចូល ទីលានបាល់ទាត់មុនរៀងរាល់ការប្រកួតចាប់ផ្ដើម។
ក្នុងឱកាសនោះសម្តេចតេជោ បានលើកឡើងថា បច្ចុប្បន្ន បាល់ទាត់គឺជាប្រភេទកីឡា ដែលមានប្រជាប្រិយភាព និងពេញនិយមបំផុតលើពិភពលោក ដែលមានមនុស្សប្រុស-ស្រីប្រមាណ ២៦៥លាននាក់ លេងកីឡានេះ និងប្រមាណ ៣,៥ពាន់លាននាក់ជាអ្នកគាំទ្រ។
កម្ពុជា មានកីឡាការិនី ដែលទទួលបានការបណ្ដុះបណ្ដាលជំនាញកីឡាបាល់ទាត់តាមក្លឹបបាល់ទាត់នានាចំនួនប្រមាណ ២០០០នាក់ និងមានជាង៣០០០នាក់ ជាក្រុមបាល់ទាត់មហាជន លេង ដើម្បីសប្បាយរីករាយ និងសុខភាព។ ដោយឡែក អ្នកគាំទ្រកីឡាបាល់ទាត់ កម្ពុជាមានប្រមាណជាង ១០ម៉ឺននាក់។
ពេលនេះ ពានរង្វាន់បាល់ទាត់ពិភពលោក បានមកដល់កម្ពុជា ហើយក៏ជាសក្ខីភាពបង្ហាញពិភពលោក និងអ្នកគាំទ្របាល់ទាត់ជាំង៣០០០ លាននាក់ អំពីសន្តិសុខ និងសក្ដានុពលជាតិ ដែលប្រជាជនកម្ពុជា បាននិងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា ជាមួយនឹងជីវភាពកាន់តែប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍ដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក ប្រព្រឹត្តិទៅស្របពេលដែលកម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នា២០២៣ ក្នុងនោះ ក៏មានកម្មវិធីប្រកួតកីឡាបាល់ទាត់នេះផងដែរ។
សូមជម្រាបថា ពានបាល់ទាត់ពិភពលោកធ្វើពីមាសសុទ្ធទម្ងន់ ៦,១គីឡូក្រាម មានតម្លៃប្រមាណ២០០លានដុល្លារនេះ បានដឹកតាមជើងហោះហើរឯកជនពិសេស (Private Jet) ។ ការមកដល់ពានរង្វាន់នេះ ធ្វើឡើងក្រោមកម្មវិធីដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា៕