សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្ដល់ថវិកា ១០លានរៀល ដល់អ្នកទទួលវ៉ាក់សាំងទី៥លាន
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសផ្ដល់ថវិកាឧបតម្ភ ចំនួន ១០លានរៀល ដល់អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទី៥លាន ខណៈដែលដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគិតមកដល់ថ្ងៃនេះសម្រេចបានជាង៥លាននាក់ហើយនោះ។
តាមរយៈហ្វេសប៊ុកផ្លូវការសម្ដេចតេជោ បានសរសេរថា «សូមអបអរសាទរចំពោះបងប្រុសឈ្មោះ ណុប មាន អាយុ៧០ឆ្នាំជាកសិកររស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការចាក់វ៉ាក់សាំងទី៥លាននៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ។»
សម្តេចតេជោបន្តថា លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកាចំនួន ១០លានរៀលព្រមទាំងសម្ភារៈផ្សេងទៀតដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយផ្ទាល់។
សម្ដេចបានថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំងដើម្បីការពារខ្លួននិងក្រុមគ្រួសារ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនូវការកោតសរសើរក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជនយើង ដែលមកដល់ពេលនេះយើងចាក់បាន៥០ភាគរយ នៃចំនួនប្រជាជនដែលនឹងត្រូវចាក់១០លាននាក់៕