សម្ដេចតេជោ ផ្ញើសារអបអរសាទរលោកជំទាវ អោងសាន ស៊ូជី ដែលទទួលជ័យជម្នះក្នុង ការបោះឆ្នោតសកល នៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរជូនដល់លោកជំទាវ អោងសាន ស៊ូជី ដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីសារជាថ្មី ក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី៨វិច្ឆិកាកន្លងមកនេះ។
ក្នុងសារលិខិតសម្ដេចតេជោ ហ៊ុន សែន លើកឡើងថា លទ្ធផលនៃការបោះឆ្នោតនេះ បានបង្ហាញនូវទំនុកចិត្ត និងការគាំទ្រយ៉ាងលើសលប់ចំពោះការដឹកនាំរបស់លោកជំទាវ និងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ(NLD) ។
សម្ដេចតេជោបន្តថា ក្រោមការដឹកនាំដ៏រឹងមាំរបស់លោកជំទាវ មីយ៉ាន់ម៉ាសម្រេចបាននូវសមិទ្ធិផលគួរឲ្យកត់សម្គាល់ក្នុងការអភិវឌ្ឍជាតិ។ សម្ដេចតេជោមានជំនឿជឿជាក់ថា ជាមួយអាណត្តិថ្មីរបស់គណបក្ស NLD មីយ៉ាន់ម៉ានឹងបន្តលើកកំពស់គុណត្លៃលទ្ធិប្រជាធិបតេយ្យ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់សន្តិភាពប្រកបដោយបរិយាប័ន្ន និងរឹងមាំ ស្ថិរភាព និងវិបុលភាពនៅក្នុងប្រទេស។
សម្ដេចតេជោបញ្ជាក់ដែរថា សម្ដេចនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមយយលោកជំទាវ ដើម្បីលើកកម្ពស់ទំនាក់ទំនងដ៏ល្អដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងមីយ៉ាន់ម៉ា ឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនយើងទាំងពីរ និងសហគមន៍អាស៊ានទាំងមូល៕