សម្ដេចតេជោ ហ៊ុន សែន ៖ ទោះបីករណីឆ្លងថ្មី និងស្លាប់មិនមានការកើនឡើង តែហានិភ័យនៅតែមាន ទាមទារបន្តការប្រុងប្រយ័ត្នខ្ពស់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់តាមរយៈសារជាសំឡេងថា ក្រោយពីពិនិត្យតាមដានដោយយកចិត្តទុកដាក់ពីការផ្លាស់ទីរបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌកាលពីពេលកន្លងទៅ គឺមិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩កើនឡើងនោះទេ។ សម្តេចតេជោបញ្ជាក់ថា នេះជាការសាកល្បងដ៏ធំសម្រាប់កម្ពុជា តែបើទោះជាករណីឆ្លងថ្មី និងស្លាប់មិនមានការកើនឡើងក្តី តែហានិភ័យចំពោះសុខុមាលភាពប្រជាពលរដ្ឋកម្ពុជាដោយសារជំងឺកូវីដ-១៩នៅតែបន្តកើតមាន ដែលទាមទារឲ្យយើងបន្ត និងបង្កើនការប្រយ័ត្នខ្ពស់បន្ថែមទៀត។
សម្ដេចតេជោ បានគូសបញ្ចាក់ផងដែរថា ការសម្របខ្លួន រៀនរស់នៅជាមួយកូវីដ-១៩ គឺជារឿងចៀសមិនផុត ដែលយើងត្រូវតែទទួលយក ព្រោះយើងមិនដឹងថា ជំងឺកូវីដ-១៩ត្រូវបិទបញ្ចប់នៅពេលណានោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា អ្នកដែលស្លាប់ដោយកូវីដ-១៩ភាគច្រើនលើសលប់ ជាអ្នកដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងរ និងរាំរ៉ៃប៉ុណ្ណោះ ដែលនេះសបញ្ជាក់ឲ្យឃើញថា វ៉ាក់សាំងគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ដើម្បីទប់ទល់នឹងជំងឺដ៏កាចសាហាវមួយនេះ។
តាមរយៈសារសំឡេងនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋតាមខេត្តទាំងអស់ កុំបញ្ជូនអ្នកជំងឺមកភ្នំពេញ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់ជីវិត ព្រោះពេទ្យតាមខេត្តក៏មានសមត្ថភាពព្យាបាលអ្នកជំងឺកូវីដ១៩ដែរ ហើយសម្តេចតេជោ ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើការព្យាបាលនៅតាមផ្ទះរបស់ ខ្លួនដែរ ដើម្បីកាត់បន្ថយការចូលមកសម្រាក នៅក្នុងមន្ទីរពេទ្យ និងឆាប់បានជាសះស្បើយ ដោយសារ មិនឃ្លាតឆ្ងាយពីគ្រួសារជាដើមនោះ។
សម្ដេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីឆាប់បានបើកដំណើរការ ប្រទេសឡើងវិញ ដែលរហូតមកដល់ពេលនេះពុំទាន់មានពលរដ្ឋខ្មែរណាម្នាក់រងគ្រោះ ដោយការចាក់វ៉ាក់សាំងកូវីដ១៩នោះទេ ខណៈដំណើរការការចាក់វ៉ាក់សាំកូវីដ-១៩ នៅកម្ពុជាបានដំណើរការទៅយ៉ាងរលូន និងល្អប្រសើរ ដែលមកទល់ពេលនេះប្រជាជនកម្ពុជាជាង១៣លាន៦សែននាក់ហើយបានចាក់វ៉ាក់សាំងកូវីដ-១៩ ដែលមានអត្រាគ្របដណ្តប់ជាង៨៥ភាគរយ នៃចំនួនប្រជាជន ដែលនាំឲ្យអ្នកឆ្លងមួយចំនួនមិនបណ្តាលឲ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនោះទេ៕
សូមស្ដាប់សារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ខាងក្រោមនេះ៖