កម្ពុជាប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១)
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺជាខួបគម្រប់ ៦៨ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ជាថ្ងៃដែលប្រជាជាតិកម្ពុជាទាំងមូលបានរំដោះខ្លួនចេញទាំងស្រុងពីអាណានិគមនិយមបារាំង ក្រោមស្នាមព្រះហត្ថរបស់អតីតព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។
ពិធីអបអរសាទររំលឹកខួបនៃការដណ្តើមបានឯករាជ្យ ឆ្នាំ២០២១នេះ ត្រូវបានប្រារព្ធឡើងយ៉ាងកងរំពងនៅលើបរិវេណវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ ក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បុត្រាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិខ្មែរ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលៗជាតិ រួមមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុង រួមនឹងមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើនរូបទៀត។ ដោយឡែក ឯកអគ្គរដ្ឋទូត រាជទូត នៃប្រទេសជាមិត្តនៅកម្ពុជា ក៏អញ្ជើញមានវត្តមាននៅក្នុងពិធីដ៏មហាឡារិកនេះដែរ។
បើទោះបីជាឆ្នាំនេះប្រទេសកម្ពុជាស្ថិតក្នុងបរិបថនៃការរីករាលដាលជំងឺកូវីដ១៩ ក៏ដោយតែពិធីជាប្រវត្តិសាស្ត្រមួយនេះមិនត្រូវបានផ្អាកដូចពិធីផ្សេងទៀតនោះទេ។ នៅវិមានឯករាជ្យដែលជាតំណាងនៃឯករាជ្យភាព បូរណភាព សនិ្តភាព របស់កម្ពុជាបានទទួលនូវភាពអឺងកងនៃសម្លេងមហាជនមកចូលរួមអបអរសាទរការប្រារព្ធខួបរម្លឹកដល់ទិវាបុណ្យឯករាជ្យជាតិដែលគ្រប់គ្នាមិនអាចបំភ្លេចបានក្នុងទឹកមុខញញឹម និង សម្លៀកបំពាក់ដ៏ស្រស់ស្អាតចម្រុះព័ណ៌នៅដៃមានកាន់ទង់ជាតិនិងបដាពាក្យស្លោកដែលមានអត្ថន័យអបអរបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានឈរព័ទ្ធជុំវិញវិមានឯករាជ្យ រងចាំដំណើរយាងដល់របស់ព្រះករុណា ព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ ទោះបីយាងណាអ្នកចូលរួមត្រូវបានរក្សានូវវិធាន បីកុំ បីការពារ ពាក់ម៉ាក់ រក្សាគម្លាត ផងដែរ ។
សូមរម្លឹកថា តាមសន្ធិសញ្ញាចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៤៩ បារាំងបានទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែនោះគ្រាន់តែជាគោលការណ៍ច្បាប់ប៉ុណ្ណោះ ដោយកម្ពុជានៅខ្វះឯករាជ្យជាច្រើនវិស័យ ដូចជា អធិបតេយ្យខាងយុត្តិធម៌ ប៉ូលិស អំណាចបញ្ជាការយោធា ការទូត ការប្តូរ និងការឲ្យចាយធនប័ត្រ ជាដើម។ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥២ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានសន្យាយ៉ាងឱឡារិកចំពោះប្រជារាស្ត្ររបស់ព្រះអង្គថា «ព្រះអង្គនឹងដណ្តើម យកឯករាជ្យទាំងស្រុងនេះ ដើម្បីមាតុភូមិក្នុងរយៈពេល៣ឆ្នាំយ៉ាងយូរបំផុត»។ នៅថ្ងៃទី៩ កុម្ភៈ ឆ្នាំ១៩៥៣ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ស្តេចយាងចាកចេញពីព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ប្រទេសបារាំង ដើម្បីទាមទារឯករាជ្យសម្រាប់កម្ពុជា ជាមួយប្រមុខរដ្ឋបារាំង ។ ក្រោយជំនួបជាបន្តបន្ទាប់ដោយមានការចូលរួមពីសំណាក់ឥស្សរជនកំពូលនាសម័យនោះព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តមសីហនុ បានសន្យាយ៉ាងមហោ ឡារិក នៅក្នុងព្រះសុន្ទរកថាមួយនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៥៣ ថា «ព្រះអង្គនឹងបូជាជីវិត ដើម្បីដណ្តើមយកឯករាជ្យឱ្យបាន១០០ភាគរយ» ។ ឈានដល់ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ គឺ៨ខែមុនសន្និសីទក្រុងហ្សឺណែវមានធ្វើពិធីមួយនៅមុខព្រះបរមរាជវាំង ដែលឧទ្ទិសចំពោះការដកថយ នៃអំណាចរបស់បារាំងពីប្រទេសកម្ពុជា ។ កងទ័ពនិងអគ្គសេនាធិការរបស់បារាំងបានដកថយពីព្រះរាជាណាចក្រកម្ពុជា ។ ឯករាជ្យរបស់ខ្មែរបានក្លាយទៅជាឯករាជ្យអចិន្ត្រៃយ៍ និងទាំងស្រុង។ វិបត្តិរវាងខ្មែរ និងបារាំងត្រូវបានបញ្ចប់ ។
សូមជម្រាបជូនថា ពិធីបុណ្យឯករាជ្យជាតិនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ ១១ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយនៅថ្ងៃទី១១ វិច្ឆិកា២០២១ គឺជាថ្ងៃពន្លត់ទានជ័យ ។ គួរកត់សំគាល់ថានៅថ្ងៃពន្លត់ទានជ័យឆ្នាំនេះត្រូវធ្វើក្រោមអធិបតីភាពរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងប្រមុខរដ្ឋស្តីទី ដោយសារ ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវអវត្តមានពីក្នុងប្រទេស ៕
រូបភាព៖ Fresh News