ជំនួបគ្រោងទុករវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំង ត្រូវបានអាក់ខាន
ជំនួបដែលបានគ្រោងទុករវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅបាងកកប្រទេសថៃ ក្នុងពេលកិច្ចប្រជុំ APEC ត្រូវបានអាក់ខាន ដោយសារសម្ដេចតេជោ តេស្តឃើញវិជ្ជមានកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី។
តាមរយៈហ្វេសប៊ុក សម្ដេចតេជោ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់ប្រាប់បងប្អូនជនរួមជាតិថា សម្ដេចតេស្តវិជ្ជមានកូវីដ-១៩។ សម្តេចតេជោថា សម្ដេចមិនច្បាស់ថាមេរោគនេះមកនៅជាមួយចាប់ពីពេលណាមកនោះឡើយតែអ្វីដែលច្បាស់ពេលមកដល់ពេទ្យឥណ្ឌូនេស៊ីយកសំណាកពេលល្ងាចលុះព្រឹកឡើងបញ្ជាក់ថា វិជ្ជមានកូវីដ-១៩ដែលយើងត្រូវតែទទួលស្គាល់បើទោះជាក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៏ដោយ។
សម្តេចបន្តថា ជាសំណាងមួយដែលយប់ម៉ិញដោយសារមកដល់យឺត សម្តេចមិនបានទៅចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួន ដែលរៀបចំដោយប្រធានាធិបតីបារាំងទេ។ សម្តេចបន្តថា ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំ សម្តេចសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ឯតំណាងប្រទេសអាស៊ានយើង កំពុងចរចាប្រគល់ជូនឥណ្ឌូនេស៊ីជាតំណាងតែម្តង។
សម្តេចបន្តថា អ្វីដែលអាក់ខានគឺជំនួបបានគ្រោងទុកជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំងដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំAPEC ។ សម្ដេចតេជោបញ្ជាក់ថា សម្ដេចគ្រោងត្រឡប់មកដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះជាមួយអាការៈធម្មតាដែលសម្ដេចនឹងងបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវ៕