សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា វិស័យអប់រំ ប៉ះពាល់ធ្ងន់ធ្ងរជាងគេ ក្នុងវិបត្តិនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន មានប្រសាសន៍ថា ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺវិស័យអប់រំ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ សម្តេចបានណែនាំឲ្យក្រសួងអប់រំពិចារណាផ្អាកការប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយយកពិន្ទុប្រចាំឆមាសមកសម្រេចជាប់ធ្លាក់ជំនួសវិញ។
តាមរយៈការថ្លែងសារពិសេសនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចតេជោបញ្ជាក់ថា បើករណីកូវីដ១៩ នៅតែធ្ងន់ធ្ងរ ក្រសួងអប់រំយុវជន និងកីឡា នឹងផ្អាកការប្រឡងមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី១១មករា ឆ្នាំ២០២១ ដោយយកការវាយតម្លៃលើពិន្ទុប្រចាំឆមាសមកជំនួសវិញ ។
សម្តេចតេជោបន្តថា តាមការវាយតម្លៃសម្ដេចយល់ឃើញថា ថ្ងៃទី១១ មករា ឆ្នាំ២០២១ ដែលជាថ្ងៃត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នោះ ក៏នឹងតែមិនទាន់អាចធ្វើបានព្រោះលទ្ធភាពនៃការបញ្ចប់ព្រឹត្តិការណ៍២៨វិច្ឆិកា មិនអាចបញ្ចប់បាននៅមុនថ្ងៃ១១មករានេះបានទេ តាមការពិចារណារបស់សម្ដេចការប្រកាសបញ្ចប់ព្រឹត្តិការណ៍នេះក៏អាចឈានដល់ថ្ងៃទី២០មករាឆ្នាំ ២០២១។ ដូច្នេះសម្ដេចសូមឲ្យក្រសួងអប់រំយុវជន និងកីឡា ពិចារណាលើការវាយតម្លៃដោយយកការប្រឡងឆមាសរបស់បេក្ខជនម្នាក់ម្នាក់មកជំនួសវិញដោយសម្ដេច បានបញ្ជាក់ថា យើងត្រូវទទួលយកនូវហេតុការណ៍ដ៏ពិតប្រាកដ ដែលយើងមិនអាចបណ្ដែតបណ្ដោយឱ្យមានការឆ្លងរីករាលដាលនិងឈានដល់ការស្លាប់បាត់បង់ជីវិតមនុស្សនោះឡើយ៕