សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមបុណ្យភ្ជុំបិណ្ឌ នៅវត្តវាំងចាស់ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមនឹងក្រុមគ្រួសារ ព្រមទាំងពុទ្ធសាសនិកជនជាច្រើននាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០បានអញ្ជើញចូលរួមថ្ងៃកាន់បិណ្ឌទី១៥ ជាថ្ងៃបុណ្យភ្ជុំធំ នៅវត្តហរិរក្សារាជិនី ហៅវត្ត(វាំងចាស់) ស្ថិតនៅក្នុងឃុំវាំងចាស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចូលរួម ក្នុងពិធីដែលបានធ្វើតាម ប្រពៃណី នៃព្រះពុទ្ធសាសនា បង្សុកូល រាប់បាត្រ វេប្រគេនព្រះសង្ឃ នូវចង្ហាន់ បច្ច័យ ទេយ្យទាន ដើម្បីឧទ្ទិសនូវផល្លាអានិសង្ឃ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន មាតាបិតារបស់សម្តេច គឺអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី, មហាឧបាសក លីន គ្រី, មហាឧបាសិកា ឌី ប៉ុក, អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ត្រូវជាមាតាបិតាបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន, វិញាណក្ខន្ធបុត្រច្បងរបស់សម្តេច ដែលបានបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ និងវិញ្ញាណក្ខន្ធញាតិទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់អស់លោកទាំងនោះ បានទទួលយកមនុញ្ញផល និងងាកក្រោយឱ្យពរជ័យជូនដល់សម្តេចទាំងទ្វេ និងក្រុមគ្រួសារ សូមឱ្យមានសុខភាពល្អមាំមួន និងអាយុយឺនយូរ ព្រមទាំងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសឱ្យជួបតែសេចក្តីសុខគ្រប់ក្រុមគ្រួសារ៕