ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ
នៅព្រឹកថ្ងៃទី២២តុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង ភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
តំបន់អភិវឌ្ឍន៍ពាក់ស្នែងមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រ ពីតំបន់អង្គរ ជាកន្លែងថ្មីមួយទៀតបន្ទាប់ពីតំបន់អភិវឌ្ឍន៍រុនតាឯក ដែលរាជរដ្ឋាភិបាលរៀបចំបង្កើតជាភូមិឋាន និងបែងចែកដីធ្លីជូនប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីរមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖
– សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពីអតីតកាលតំបន់ពាក់ស្នែងសម្តេចធ្លាប់លឺឈ្មោះ និងល្បីរន្ទឺជាតំបន់អតីតសមរភូមិក្តៅ តែពេលនេះពាក់ស្នែងបានក្លាយជាតំបន់អភិវឌ្ឍន៍ និងជាអនាគតតំបន់រដ្ឋបាលស្រុកអង្គរធំ។
– សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការគិតគូររបស់រាជរដ្ឋាភិបាល លើប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង គឺទទួលបានដូចគ្នានឹងប្រជាពលរដ្ឋដែលតាំងលំនៅឋានថ្មីនៅតំបន់រុនតាឯកផងដែរ។
– សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា ប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ត្រង់ចំណុចនេះ សម្តេចបញ្ជាក់ថា «មិនមែនជាការឃោសនាមុនបោះឆ្នោតទេ វានេះជាសច្ចធម៌មួយ»។
– សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពាក់ស្នែងជាតំបន់ប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងក្សត្រមួយអង្គព្រះនាម «តាត្រសក់ផ្អែម» ដែលជាក្សត្រកើតចេញពីសាមញ្ញជន។ សម្តេចបញ្ជាក់ថា «បើការស្រាវជ្រាវនោះពិត ដូចការអះអាងមែន តំបន់ពាក់ស្នែងនាពេលនេះ នឹងក្លាយជាតំបន់ដ៏ល្អប្រពៃមួយ អំណោយផលគ្រប់តម្រូវការ»។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា តំបន់អភិវឌ្ឍន៍ពាក់ស្នែង នឹងត្រូវត្រៀមបម្រុងទុកដីសម្រាប់ការកសាងទីអារាម ដូចនៅតំបន់អភិវឌ្ឍន៍រុនតាឯកផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើបុណ្យធ្វើទាន និងកម្មវិធីបែបសាសនានានាផងដែរ។
– សម្តេចតេជោ ហ៊ុនសែន ប្រកាសថា ការចូលរួមរបស់សប្បុរសជនចូលរួមផ្តល់ថវិកាកសាងវត្ត និងសមិទ្ធផលនានាក្នុងទីអារាមវត្តនៅតំបន់អភិវឌ្ឍន៍រុនតាឯក បានច្រើនលើសការគ្រោងទុក ដែលផ្តល់ភាពងាយស្រួល សម្រាប់ការចំណាយតាមតម្រូវការជាក់ស្តែង។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសឯកភាពលើសំណើរកងវិស្វកម្មសម្តេចតេជោ ហ៊ុនសែន សៀមរាប ក្នុងការស្តារ -ស្ថាបនាផ្លូវប៉េតុងសសៃដែក ,ផ្លូវក្រាលក្រួសក្រហម, មណ្ឌលសុខភាព,របង,សាលាបឋមសិក្សា ,អនុវិទ្យាល័យ,វិទ្យាល័យ,ទីលានបាលទាត់ ,ផ្សារសហគមន៍ និងសមិទ្ធផលនានា បម្រើឱ្យសេចក្តីត្រូវការប្រជាពលរដ្ឋតំបន់អភិវឌ្ឍន៍ពាក់ស្នែង។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ចេញអង្ករ ២០០តោន អំណោយអ្នកឧកញ៉ាទ្រីភាព និងថវិកាសប្បុរជននានាប្រមាណ ១៥ម៉ឺនដុល្លារអាមេរិក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ធំ ហើយសម្តេចក៏គ្រោងជួបសំណេះសំណាល និងផ្តល់ស្រូវពូជដល់ប្រជាពលរដ្ឋនៅកំពង់ធំ បន្ទាប់ពីពីសម្តេចចប់បេសកកម្មការងារនៅកំពង់ឆ្នាំង។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់អង្ករ និងថវិកា ដល់ខេត្តបន្ទាយមានជ័យ ,ឧត្តរមានជ័យ និងប៉ៃលិន ដែលរងគ្រោះដោយជំនន់ និងប្រកាសឱ្យរដ្ឋបាលខេត្តទាំងនោះ ព្រមទាំងផ្នែកពាក់ព័ន្ធផ្តល់ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស កុំចាំសម្តេចទៅដល់។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីដល់ប្រជាពលរដ្ឋដែលយល់ព្រមរុះរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ មកតំបន់អភិវឌ្ឍន៍ពាក់ស្នែង ត្រូវឈរលើគោលការណ៍នាយករដ្ឋមន្ត្រីចំនួន២ គឺ៖ ទីតាំងថ្មីត្រូវបានឈូសឆាយរួចរាល់ និងមានអ្នកដឹកជញ្ជូនមកកាន់កន្លែងថ្មីត្រឹមត្រូវ។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា តំបន់អភិវឌ្ឍន៍ពាក់ស្នែង មិនមែនជាដីសង្គមកិច្ចទេ។ សម្តេចប្រកាសផ្តល់ប័ណ្ណកម្មសិទ្ធិ(ប័ណ្ណរឹង)ដល់ប្រជាពលរដ្ឋទាំងអស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ដើម្បីឱ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមលទ្ធភាពដែលអាចធ្វើទៅបានដូចជា៖ កម្ចីធនាគារជាដើម។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ការតភ្ជាប់ចរន្តអគ្គិសនីដល់របងផ្ទះប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង(ទាំងអ្នកប្រើកម្លាំង-អំពែ តូច និងធំ) ។ ការផ្តល់ជូននេះ ធ្វើឱ្យប្រជាពលរដ្ឋចំណេញយ៉ាងច្រើន។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រជាពលរដ្ឋទាំងអស់រស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ទោះមានកម្រិតជីវភាពបែបណាក៏ដោយ នឹងបានទទួលប័ណ្ណក្រីក្រប្រភេទ-១ ដែលត្រូវផ្តល់ជូនតាមអត្រាអ្នករស់នៅទីប្រជុំជនដូចៗគ្នា។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សាលាស្រុកអង្គរធំ ដែលកំពុងស្ថិតនៅតំបន់១ នៃរមណីយដ្ឋានអង្គរ នឹងត្រូវរុះរើមកកាន់ទីតាំងថ្មី នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ដោយរាជរដ្ឋាភិបាលបានផ្តល់ផ្ទៃដីបម្រុងទុកសម្រាប់សាងសង់អគាររដ្ឋបាលស្រុកថ្មីនេះ។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រជាពលរដ្ឋដែលរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង នឹងទទួលបានចរន្តអគ្គិសនីគ្រប់គ្រាន់, ទឹកស្អាត,ប្រព័ន្ធទូរស័ព្ទ, Internet និងបណ្តាញតភ្ជាប់ផ្សេងៗទៀត ដើម្បីបំពេញតម្រូវការ នៃការរស់នៅរបស់ប្រជាពលរដ្ឋ។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គ្មានគណបក្សនយោបាយណាមួយនៅកម្ពុជា ដែលរស់នៅជាមួយគ្នា យូរ និងស្រុះស្រួលគ្នាដូចគណបក្សប្រជាជននោះទេ។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថា ប្រជាពលរដ្ឋទាំងអស់រស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ដែលទទួលបានប័ណ្ណក្រីក្រប្រភេទ-១ នឹងត្រូវគាំពារផ្តល់ជូនដោយរដ្ឋរយៈពេល ១០ឆ្នាំ នឹងបើកតាមប្រព័ន្ធធនាគារ(វីង)។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់កម្មវិធីចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង និងរុនតាឯកអាចមួយឆ្នាំម្តង ទោះជាពេលក្រោយ សម្តេចស្ថិតនៅក្នុងតំណែងជានាយករដ្ឋ ឬអត់ក៏ដោយ និងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋពេលបានឃើញសម្តេចមកជួប សូមហៅសម្តេចចូលលេងផ្ទះផង។
BTVNews