ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្លុះបញ្ចាំងអំពីភាពចាស់ទុំ នៃ ប្រជាធិបតេយ្យ សេរី ពហុបក្សនៅព្រះរាជាណាចក្រកម្ពុជា
នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ លេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះ ឆ្នោត (គ.ស.អ) សហការជាមួយ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានផ្សព្វផ្សាយនូវវីដេអូ ដែលមានរយៈពេលប្រមាណ១២នាទី ក្រោមចំណងជើងថា៖ «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្លុះបញ្ចាំងអំពីភាពចាស់ទុំ នៃប្រជាធិបតេយ្យ សេរី ពហុបក្សនៅព្រះរាជាណាចក្រកម្ពុជា»។
វីដេអូនេះ បានបង្ហាញទិដ្ឋភាពជាទូទៅអំពីបរិកាសនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានប្រព្រឹត្តិទៅតាំងពីដំណាក់កាលមុនបោះឆ្នោត អំឡុងពេលការឃោសនាបោះឆ្នោត និងពេលបោះឆ្នោតថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ថាពិតជាបានប្រព្រឹត្តិទៅដោយសេរី ប្រជាធិបតេយ្យ និងយុត្តិធម៌ និងជាពិសេសគ្មានអំពើហិង្សា និងការគំរាមកំហែងណាមួយកើតឡើងឡើយ និងបានសង្កត់ធ្ងន់ថា ដំណើរការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ពិតជាបានប្រព្រឹត្តទៅក្នុង បរិយាកាសដ៍ល្អប្រសើរជាងពេលណាៗទាំងអស់។
ថ្វីដ្បិតតែការបោះឆ្នោតថ្នាក់មូលដ្ឋាននៅកម្ពុជានាពេលនេះ បានប្រព្រឹត្តទៅក្នុងបរិបទដែល ពិភពលោកកំពុង ជួបប្រទះនឹងវិបត្តិកូវីដ ១៩ និងបន្ថែមដោយវិបត្តិ នៃសង្គ្រាមនៅអ៊ុយក្រែនដែលបាននិងកំពុងបង្កផលវិបាក ដ៏ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនិងសង្គមនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជានៅតែអាច រៀបចំចាត់តាំងការបោះឆ្នោត មួយដ៏ល្អដែលបានបង្ហាញអំពីតម្លៃប្រជាធិបតេយ្យ សេរី ពហុបក្សយ៉ាងពិតប្រាកដ។ វីដេអូដែលមានការបកប្រែ និង រត់អក្សរ ជាភាសាអង់គ្លេសផងនោះ បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នេះ ពិតជាបានប្រព្រឹត្តទៅ ក្នុងបរិយាកាសដ៏ល្អប្រសើរដោយគ្មាន បាតុភាពអសកម្មធំដុំ ណាមួយគួរឲ្យកត់ សម្គាល់ នោះឡើយ។ ដំណើរការបោះឆ្នោតនេះក៏បានប្រព្រឹត្តទៅក្រោម ក្រសែភ្នែកតាមដានឃ្លាំមើល យ៉ាងដិត ដល់ ពីសំណាក់ អ្នកសង្កេតការណ៍តំណាងអោយបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែង,តំណាងអង្គការ សង្គម ស៊ីវិល និងអ្នកសង្កេតការណ៍អន្តរជាតិមកពី អង្គការ CAPDI, Think Tank 2022 Global Forum, ICAPP, CDI, AIPA, អ្នកសង្កេតការណ៍មកពីប្រទេស អូស្ត្រាលី ញូហ្សេឡិន កូរ៉េខាងត្បូងជាដើម។ ការបោះឆ្នោតដែលមាន អត្រាអ្នកចូលរួមបោះឆ្នោតយ៉ាងច្រើនរហូតដល់ 77,91% និងមានបរិយាកាសដ៍ល្អបែបនេះពិតជាកម្រកើតមាន ណាស់នៅក្នុងពិភពលោក ជាពិសេសក្នុងបណ្តាប្រទេស ដែលមានភាពថ្មី ថ្មោង ខាងប្រជាធិបតេយ្យ។ ប្រជាពលរដ្ឋ ខ្មែរពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះ ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដែលមានភាពកាន់តែចាស់ ទុំ ពីមួយឆ្នាំទៅមួយឆ្នាំ និងពីមួយអាណត្តិទៅមួយអាណត្តិនៃការបោះឆ្នោត៕
សូមអញ្ជើញទស្សនាវីដេអូ៖