សម្តេចតេជោ ហ៊ុន សែន ហាមដាច់ខាតមិនឲ្យយកករណីជំងឺកូវីដ-១៩ ទៅបំភ្លើស ឬលេងសើចលើបណ្តាញសង្គមនោះឡើយ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ ដែលបានប្រារព្ធឡើងនៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ទាក់ទងនឹងអ្នកបំពុលរឿងកូវីដ-១៩ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានបុគ្គលម្នាក់ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីបំពុលព័ត៌មានតាម Tik Tok ពាក់ព័ន្ធនឹងការលើកឡើងថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅខេត្តកោះកុង។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហាមដាច់ខាតមិនឱ្យយកករណីជំងឺកូវីដ-១៩ ទៅបំភ្លើស ឬលេងសើចលើបណ្តាញសង្គមនោះឡើយ បើយកទៅលេងសើច ឬបំភ្លៃការពិត គឺមិនអាចរួចខ្លួននោះឡើយ គឺត្រូវតែអនុវត្តច្បាប់។
សម្តេចតេជោ ហ៊ុន សែន ព្រមានថា «ចេញផ្សាយបំផុលមួយ ចាប់ខ្លួនមួយ ដោយគ្មានការលើកលែងឡើយ ….! នរណាក៏ដោយដែលយកបញ្ហាកូវីដ-១៩មកលេងសើច នឹងត្រូវចាប់ខ្លួន»។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ជនទាំងឡាយ រួមទាំងអង្គការសង្គមស៊ីវិលនានាផងដែរ ដែលរិះគន់ និងចោទប្រកាន់ពីការចាប់ខ្លួនបុរសម្នាក់ ដែលបំផុសព័ត៌មានបំពុលតាមបណ្តាញសង្គមរឿងបញ្ហាកូវីដ-១៩នោះ សូមមកជួបសម្តេច ដោយសម្តេចនឹងពន្យល់ពីករណីនេះ៕