គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ​ទទួលស្វាគមន៍​នាយករដ្ឋមន្ត្រីវៀតណាម មកបំពេញ​ទស្សនកិច្ចផ្លូវ​ការ​នៅកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ​ទទួលស្វាគមន៍​នាយករដ្ឋមន្ត្រីវៀតណាម មកបំពេញ​ទស្សនកិច្ចផ្លូវ​ការ​នៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ​ទទួលស្វាគមន៍​នាយករដ្ឋមន្ត្រីវៀតណាម មកបំពេញ​ទស្សនកិច្ចផ្លូវ​ការ​នៅកម្ពុជា

    នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ចំពោះឯកឧត្តម ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាស ដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ។

    វិធីបដិសណ្ឋារកិច្ចផ្លូវការ ចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ត្រូវបានធ្វើឡើងនូវវិមាន​សន្តិភាព ដោយមានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រី​ប្រតិភូ​ នៃ​ប្រទេស​វៀតណាម និងមន្ត្រីអង្គទូតនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។

    សូម​បញ្ជាក់ថា តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯក​ឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ចផ្លូវការ នៅកម្ពុជា ពីថ្ងៃទី០៨ ដល់ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងឱកាស​នៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម ផាម មិញជិញ នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះ​បាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។ នាយករដ្ឋមន្រ្តី​វៀតណាម នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ចំពោះ សម្តេចវិបុល​សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

    សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម ផាម មិញជិញ នឹងមានជំនួប​ពិភាក្សា​ទ្វេភាគី​នៅ​វិមានសន្តិភាព ដោយផ្តោតការពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចស​ហប្រតិបត្តិ​ការ​ទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាកង្វល់រួម។ នៅក្រោយជំនួប នាយករដ្ឋមន្ត្រី​ទាំង​ពីរ នឹងអញ្ជើញធ្វើជាអធិបតី​ក្នុង​ពិ​ធី​ចុះហត្ថលេខា​លើឯ​ក​សារ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគីមួយចំនួន។

    ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីវៀតណាម ស្របនឹងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី​៥៥ នៃ​ការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជា «ឆ្នាំមិត្តភាពកម្ពុជា – វៀតណាម»៕

     

    អត្ថបទទាក់ទង