សម្ដេចតេជោ ហ៊ុន សែន ចេញសេចក្ដីណែនាំស្ដីពីការចារឹកអក្សរលើស្ដូបមិត្តភាពកម្ពុជា-វៀតណាម នៅតាមរាជធានី-ខេត្ត

ភ្នំពេញ៖ ចាប់តាំងពីទសវត្សរ៍៨០ រហូតមក ស្ដូបមិត្តភាពកម្ពុជា-វៀតណាមត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់ នៅតាមរាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជានិមិត្តរូប និងជាការចងចាំនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលជាប្រទេសជិតខាងនឹងគ្នា ក្នុងបុព្វហេតុនៃការនាំមកនូវសុខសន្តិភាព នៃប្រទេសនីមួយៗ។
ទោះបីជាយ៉ាងនេះក្ដី ក៏កន្លងមកមានមជ្ឈដ្ឋានមួយចំនួនមិនទាន់មានការយល់ដឹងច្បាស់លាស់អំពីអត្ថន័យពិតប្រាកដនៃស្ដូបមិត្តភាពកម្ពុជា-វៀតណាម និងបានធ្វើការបកស្រាយក្នុងន័យផ្សេងៗគ្នា ខុសពីការពិត និងសច្ចភាពជាប្រវត្តិសាស្ត្រ។ ទន្ទឹមនេះ ក៏មានអ្នកនយោបាយខ្លះបានប្រើប្រាស់ស្ដូបមិត្តភាពកម្ពុជា-វៀតណាម ជាមូលដ្ឋានដើម្បីធ្វើការវាយប្រហារ អុជអាល ញុះញង់ បំបែកបំបាក់ទំនាក់ទំនង មិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងវៀតណាម និងបំផុសបំផុលឲ្យមានការរើសអើងប្រកាន់ពូជសាសន៍រវាងប្រជាជាតិ និងប្រជាជន នៃប្រទេសទាំងពីរថែមទៀត។
ដើម្បីថែរក្សាការពារនូវសច្ចភាពជាប្រវត្តិសាស្ត្រ នៃការជួយឧបត្ថម្ភ គាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម សំដៅបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលមានព្រំប្រទល់ជាប់គ្នា ដើម្បីធានាបាននូវផលប្រយោជន៍ទាំងសង្ខាង រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការណែនាំដូចខាងក្រោម៖
១. ប្រគល់ភារកិច្ចជូនរដ្ឋបាលរាជធានី-ខេត្តសហការជាមយយមន្ទីរ-អង្គភាពពាក់ព័ន្ធ ធ្វើការពិនិត្យ និងរៀបចំចារឹកនូវអត្ថន័យសច្ចភាពជាប្រវត្តិសាស្ត្រជាភាសាខ្មែរ ភាសារវៀតណាម និងភាសាអស់គ្លេស លើស្ដូបមិត្តភាពកម្ពុជា-វៀតណាមដែលបានសាងសង់នៅតាមរាជធានី-ខេត្តនីមួយៗ ដោយឆ្លាក់តួអក្សរឲ្យបានច្បាស់ ដើម្បីឲ្យសាធារណជនអាចមើលឃើញ និងអានបាន ដូចមានក្នុងឧបសម្ព័ន្ធភ្ជាប់ជាមួយសេចក្ដីណែនាំនេះ។ ទន្ទឹមនេះ បន្ទាប់ពីការរៀបចំចារឹកនូវអត្ថន័យខាងលើរួចរាល់ រដ្ឋបាលរាជធានី-ខេត្តត្រូវរៀបចំពិធីសម្ពោធចារឹកនេះ ដើម្បីផ្សព្វផ្សាយជូនដល់សាធារណជនបានជ្រាបអំពីអត្ថន័យ នៃស្ដូបមិត្តភាពកម្ពុជា-វៀតណាម។
២. រដ្ឋបាលរាជធានី-ខេត្តនីមួយៗ ត្រូវធ្វការគ្រប់គ្រង ថែរក្សា ការពារស្ដូបមិត្តភាពកម្ពុជា-វៀតណាម ដែលបានសាងសង់នៅតាមរាជធានី-ខេត្តរបស់ខ្លួន ។ ក្នុងករណីមានការជួសជុលកែលម្អស្ដូបមិត្តភាពនេះ ត្រូវរក្សារចនាបទដើមដែលបានសាងសង់៕