សម្តេចតេជោ ប្រាប់អ្នកដឹកនាំរដ្ឋាភិបាលជំនាន់ក្រោយថាបើចង់មានឯករាជ្យភាពលើវិស័យការពារជាតិសូមកុំប្រើប្រាស់អាវុធរបស់អាមេរិក
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសារព្រមានមួយប្រាប់ទៅខ្មែរដែលគ្រប់គ្រងរាជរដ្ឋាភិបាលជំនាន់ក្រោយឲ្យបានជ្រាបថា បើចង់មានឯករាជ្យភាពលើវិស័យការពារជាតិសូមកុំប្រើប្រាស់អាវុធរបស់អាមេរិក។
តាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោបានសរសេរថា «កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ សហរដ្ឋអាមេរិកបានសម្រេចអំពីការរឹតត្បិតការលក់ដូរអាវុធ និងសម្ភារៈយោធាដល់កម្ពុជា។ ខ្ញុំឆ្លៀតយកឱកាសនេះ សូមអរគុណចំពោះសហរដ្ឋអាមេរិក ដោយសារការសម្រេចរបស់សហរដ្ឋអាមេរិកលើបម្រាមការលក់ដូរអាវុធ និងសម្ភារៈយោធាមកកម្ពុជានាពេលនេះ គឺបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ នៃការសម្រេចចិត្តរបស់ខ្ញុំ កាលពីឆ្នាំ ១៩៩៤ ដែលនៅពេលនោះ ខ្ញុំបានធ្វើការសម្រេចចិត្ត ដោយមិនធ្វើការផ្លាស់ប្តូរប្រព័ន្ធអាវុធកម្ពុជាដែលមានពេលនោះ ទៅទិញប្រព័ន្ធអាវុធអាមេរិក។»
ទន្ទឹមនឹងនេះ សម្ដេចតេជោ បានដាក់ចេញបទបញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធា ដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិកទាំងអស់ ប្រសិនបើមាន យកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោលតាមការជាក់ស្តែង។
សម្ដេចតេជោបន្តថា តាមចំណាំរបស់សម្ដេច អ្នកដែលធ្លាប់ប្រើប្រព័ន្ធអាវុធអាមេរិកជាច្រើន បានចាញ់សង្រ្គាម ដូចជាក្នុងរបបសាធារណខ្មែររបស់ លន់ នល់ ដែលពេលនោះបានប្រើប្រព័ន្ធអាវុធអាមេរិកនិងបាននាំចូលអាវុធជាច្រើនមកកម្ពុជា ហើយធ្វើឱ្យកម្ពុជាជាប់បំណុលខ្មៅនេះ រហូតមកដល់បច្ចុប្បន្ននេះ។ ថ្មីៗនេះ ទៀតសោត គឺ អ្នកប្រើប្រព័ន្ធអាវុធអាមេរិក ក៏បានចាញ់សង្រ្គាមនៅអាហ្គានីស្ថាន។ សម្ដេចបញ្ជាក់ថា សម្ដេចមានជំនឿលើភាពក្លាហាន ព្រមទាំងស្មារតី និងទឹកចិត្តប្រយុទ្ធរបស់យុទ្ធជនក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា ជាជាងលើអាវុធតែមួយមុខ។
ជាថ្មីម្តងទៀត សម្ដេចតេជោ សូមអរគុណសហរដ្ឋអាមេរិកដែលបានជួយបញ្ជាក់ថា ការសម្រេចចិត្តរបស់សម្ដេចមិនយល់ព្រមទិញអាវុធពីអាមេរិកពិតជាត្រឹមត្រូវសម្រាប់នយោបាយការពារជាតិរបស់កម្ពុជាហើយវាក៏ជាសារព្រមានមួយប្រាប់ទៅខ្មែរដែលគ្រប់គ្រងរាជរដ្ឋាភិបាលជំនាន់ក្រោយឱ្យបានជ្រាបថាបើចង់មានឯករាជ្យភាពលើវិស័យការពារជាតិសូមកុំប្រើប្រាស់អាវុធរបស់អាមេរិក៕