សម្ដេចតេជោ ហ៊ុន សែន គ្រោងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរស័ព្ទ
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងជួបលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន តាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា «បេសកកម្មជួយប្រជាជនដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀងវគ្គទីមួយត្រូវបានបញ្ចប់ពីម្សិលមិញ។ មកដល់ផ្ទះវិញ បំណុលត្រូវសង មានយ៉ាងច្រើន ដោយឯកសារត្រូវពិនិត្យសម្រេច និងចុះហត្ថលេខានៅរង់ចាំ»។
សម្តេចតេជោបញ្ជាក់ថា ការងារទាក់ទងនឹងការប្រជុំអាស៊ាន ក្នុងឋានៈជាប្រធានប្តូរវេនឆ្នាំ២០២២ បូកជាមួយនឹងការចូលរួមប្រជុំG 20 និងការចូលរួមប្រជុំAPEC ត្រូវបានដោះស្រាយមួយភាគធំ។
សម្តេចបន្តថា «ប្រសិនគ្មានការប្រែប្រួល និងការសម្របសម្រួលពេលវេលាតាមផ្លូវការទូត ដែលកំពុងធ្វើនោះទេ ខ្ញុំនឹងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ»៕