សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលចំនួន ៣ តាមប្រព័ន្ធវីដេអូ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលចំនួន ៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់នាយកដ្ឋានព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូល នៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៩ធ្នូ ២០២០ តាមរយៈប្រព័ន្ធវីដេអូ។
សេចក្ដីប្រកាសបន្តឲ្យដឹងទៀតថា សម្ដេចតេជោ ក៏នឹងអញ្ជើញចូលរួមផងដែរក្នុងកិច្ចប្រជាកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ស្ដីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV DTV) លើកទី១១ ដែលរៀបចំឡើងស្របពេលជាមួយកិច្ចប្រជុំកំពូល ACMECS លើកទី៩ ហើយកិច្ចប្រជុំកំពូលទាំងពីរនេះ នឹងត្រូវដឹកនាំដោយឯកឧត្ដមបណ្ឌិត ថងលុន ស៊ីសុលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
អញ្ជើញអមសម្ដេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំរួមមាន ឯកឧត្ដម ប្រាក់ សុខន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ , ឯកឧត្ដម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ៕