សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបួងសួង និងសំណេះសំណាលជាមួយក្រុមការងារថតខ្សែភាគយន្តភាគរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី”
ខ្សែភាគយន្តភាគខ្នាតធំ រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ត្រូវបានប្រារព្វពិធីក្រុងពាលី ចំរើនព្រះបរិត្ត តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា នៅព្រឹកថ្ងៃចន្ទ ខែមគិសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹង ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនដល់អ្នកចូលរួមទាំងអស់ និងជាកិច្ចចាប់ផ្តើមដំណើរ ការផលិតខ្សែភាពយន្តខ្នាតធំនេះជាផ្លូវការ។ សូមបញ្ជាក់ថា ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពងខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គណៈកម្មការ បានជ្រើសរើសអ្នកនិពន្ធចំនួន៥រូប ដើម្បីរៀបចំកែសំរួលខ្លឹមសារអត្ថបទនិពន្ធល្ខោនវិទ្យុ ទៅជាអត្ថបទនិពន្ធ ភាពយន្តសរុបមាន ៤៤ភាគ ស្មើនិង៦៥៣ឆាក។
បន្ទាប់ពីបញ្ចប់ការងារនេះ គណៈកម្មការបានបង្កើតក្រុមការងារ ពិនិត្យ កែលម្អ ដោយបន្សំនឹងសាច់រឿងឲ្យស្របទៅនឹងបរិបទសម័យកាល។ ដើម្បីក្តាប់បានពីកត្តាប្រវត្តិសាស្ត្រ និងភូមិសាស្រ្ត តួអង្គសំខាន់ៗ ពាក់ព័ន្ធ ក្រុមការងារបានប្រឹក្សាយោបល់នៅក្នុងគណៈកម្មការ ដើម្បីជាការបំពេញនូវ កង្វះខាត និងប្រសិទ្ធភាពក្នុងការអនុវត្តផលិត។ ក្រុមការងារគ្រប់គ្រងការផលិត បានចុះសិក្សាពិនិត្យជ្រើសរើសទីតាំងសម្រាប់ថតចំនួន ១០២ទីតាំង ដែលស្ថិតនៅ ក្នុងខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ និងរាជធានីភ្នំពេញ ដើម្បីរៀបចំតុបតែងបន្ថែមជាទីតាំងថត ឲ្យស្របនឹង បរិយាកាស ស្ថានភាពភូមិសាស្ត្រ និងជីវភាពរស់នៅនាសម័យកាលនោះ។ លើសពីនេះ យោងតាមអនុសាសន៍ដ៏ ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គណៈកម្មការបានរៀបចំ សាងសង់បន្ទាយកោះថ្ម បន្ទាយទ័ពលន់នល់ នៅទន្លេបិទ និងភូមិប្រជាជន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានអង្គរក្ស (ភ្នំស្រង់) ដែលសំណង់ទាំងនោះ មិន ត្រឹមតែសម្រាប់ថតប៉ុណ្ណោះទេ តែជាសំណង់ដែលមានលក្ខណៈរឹងមាំ ដើម្បីទុកជាទីតាំងប្រវត្តិសាស្រ្តក្នុងការ សិក្សា ស្រាវជ្រាវរបស់សិក្ខាកាម បញ្ជាការដ្ឋានអង្គរក្ស និងកងយោធពលខេមរភូមិន្ទ នៅពេលអនាគត។
ពិធីក្រុងពាលីតាមទំនៀមទម្លាប់បានប្រព្រឹត្តិទៅតាមគន្លងព្រះពុទ្ធសាសនា ដោយមានការបួងសួងសុំសេចក្តីសុខ សេចក្តីចំរើន ពីម្ចាស់ទឹកម្ចាស់ដីនៅគ្រប់ទីកន្លែងបំពេញការងារ ក៏ដូចជាសិល្បករជាតួសម្តែងទាំងអស់ ចាប់ផ្តើម ដំណើរការថតចាប់ពីពេលនេះតទៅទទួលបានជោគជ័យ ដោយមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បើតាមរបាយការណ៍របស់ ឯកឧត្តម ហ៊ីម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការផលិ តភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី បានឲ្យដឹងថា ក្រុមការងារបានជ្រើសរើសតួសំដែងសំ ខាន់ៗចំនួន ១០៣នាក់ ប្រជាជនយ៉ាងតិច៥០០នាក់ ព្រមទាំងកងកម្លាំង៥០០នាក់ផ្សេងទៀត ដើម្បីចូលរួម សំដែងក្នុងឈុតឆាកធំៗ ។ ចំពោះឧបករណ៍បច្ចេកទេសថត មានការគាំទ្រពីលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។ តាមផែនការការងារផលិតរបស់គណៈកម្មការ ការផលិតភាពយន្តភាគទាំង៤៤ភាគនេះ ប្រើពេលរយៈពេល១២ខែកន្លះយ៉ាងតិច ហើយការកាត់តដំឡើងរូបភាព និងត្រូវ បញ្ចប់មុនពាក់ក ណ្តាលឆ្នាំ២០២៣ខាងមុខ។
ក្នុងឱកាស សំណេះសំណាលជាមួយផលិតករ សិល្បៈករ សិល្បការិនីជាតួសម្តែង និងក្រុមការងារបច្ចេកទេសទាំងអស់ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំសំរិទ្ធសំរាំងចង ក្រុងកែលម្អខ្លឹមសារសាច់រឿង ដែលផ្តើមចេញពីល្ខោននិយាយមកកាន់ការផលិតភាពយន្តរឿងភាគ ការខិតខំរកតួ សម្តែង ការសិក្សាស្រាវជ្រាវរកនូវសម្ភារៈយុទ្ធោបរណ៍ ទីតាំងភូមិសាស្ត្រប្រវត្តសាស្ត្រ ដើម្បីឈានទៅថតភាពយន្ត ភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី នាពេលដ៏ខ្លីខាងមុខ ។
សម្តេចតេជោ បានរម្លឹកថា កន្លងមកមានថ្នាក់ដឹកនាំក្រុមហ៊ុនផលិតកុន ហូលីវូដ បានមកស្នើសុំសម្តេចដើម្បីផលិត ភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី នេះម្តងរួចមកហើយ ប៉ុន្តែសម្ដេចមិនអនុញ្ញាតឲ្យផលិត នោះទេ ដោយសាតែមិនអាចយល់បានស៊ីជម្រៅដល់ដំណើរសាច់រឿងពិត និងប្រវត្តិសាស្រ្តរបស់ប្រទេស ពិសេស ទាក់ទិនទៅនឹងខ្សែជីវិតដ៏ជ្រាលជ្រៅ និងភាពជាក់ស្តែងរបស់លោកទាំងពីរតែម្តង។ ទោះយ៉ាងណាសម្តេចតេជោ ស្នើដល់អ្នកដឹកនាំរឿង និងក្រុមការងារបច្ចេកទេសទាំងអស់ ត្រូវបន្តសិក្សាស្រាវជ្រាវ ឲ្យបានល្អិតល្អន់ថែមទៀត ព្រោះសាច់រឿងទាំងមូលវាផ្តោត ទៅលើប្រវត្តិសាស្ត្រពិតៗរបស់ប្រទេស ពោលគឺឲ្យ សមស្របនឹងអ្វីដែលកើតឡើងពិតក្នុងសម័យកាលនោះ បើទោះបីជាខ្លឹមសារទាំងស្រុងនៃផលិតភាពយន្តនេះ សម្តេចតេជោ វាយតម្លៃថា អាចគ្របដណ្តប់បាននូវដំណើររឿង និងខ្លឹមសារពិតជាក់ស្តែងបានត្រឹមតែប្រមាណ ៦០ភាគរយ ក៏ដោយ។ សូមបញ្ជាក់ថា រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលចាត់ទុកថា ជាខ្សែភាពយន្តរឿងភាគខ្នាតធំដំបូង បំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ដែលឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងក្នុងសម័យកាលមួយដែលប្រទេស កម្ពុជាកំពុងរងវិនាសកម្មដោយសារសង្គ្រាម កាប់សម្លាប់ និងក៏បានបង្ហាញឲ្យឃើញពីខ្សែជីវិតពិតនៃដំណើរតស៊ូ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរសង្គ្រោះជាតិមាតុភូមិ និងរឿងរ៉ាវជីវិតគូរនៃសម្តេចទាំងទ្វេរផងដែរ ក្នុង គ្រាប្រទេសកម្ពុជាជួបគ្រោះកលយុគ ។ ចំពោះការចំណាយក្នុងការផលិតភាពយន្តដែលត្រូវបាននិពន្ធ និងដឹកនាំ ផលិតឡើងដោយស្នាដៃកូនខ្មែរទាំងអស់នេះផងដែរ ក៏បានចូលរួមឧបត្ថម្ភគាំទ្រដោយស្ម័គ្រចិត្តពីសប្បរសជនមួយ ចំនួន ដែលកំពុងបំពេញការងារ រកស៊ីក្នុងស្រុក ដើម្បីបង្ហាញពីការគោរព ស្រលាញ់ និងដឹងគុណចំពោះតម្លៃនៃសុខ សន្តិភាពរបស់ប្រទេស ដែលមេដឹកនាំកម្ពុជារូបនេះបានរកមកបានដោយលំបាក និងត្រូវបានការពារយ៉ាងរឹងមាំ នៅក្នុងពេលបច្ចុប្បន្ន ជាមួយនឹងការជើងជាក់ទៅអនាគតនូវការបន្តរីកចំរើនរបស់ប្រទេសមួយនេះ។ ហើយស្នាដៃថ្មីដែលផលិតឡើងជាខ្សែវីដេអូនេះផងដែរគឺជាការឆ្លើយតបតាមសំណូមពរដ៏ច្រើនលើសលុបពីអ្នក និយមតាមដានស្តាប់ការចាក់ផ្សាយតាមវិទ្យុនាពេលកន្លងមកនូវភាគនិទានដែលបានផលិតជាល្ខោននិយាយរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី» ។