ព្រះមហាក្សត្រ មានព្រះរាជបន្ទូលកោតសរសើរនូវការដឹកនាំដ៏វៃឆ្លាតប៉ិនប្រសប់សម្ដេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធទប់ទល់ដោយជោគជ័យប្រឆាំងការរាតត្បាតនៃជំងឺកូវីដ-១៩
បាត់ដំបង៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩ កក្កដា» ដែលប្រារព្ធធ្វើឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើនៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
ព្រះរាជពិធី «រុក្ខទិវា» បានប្រារព្ធឡើងយ៉ាងមហោឡារឹកនេះក៏មានការអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងសមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បណ្ដាឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូតនានាប្រចាំនៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការមកពីបណ្ដាខេត្តនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលកោតសរសើរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំដ៏វៃឆ្លាតប៉ិនប្រសប់ និងគ្រប់គ្រងដោះស្រាយបាននូវជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងការប្រយុទ្ធទប់ទល់ដោយជោគជ័យប្រឆាំងការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងសង្គមជាតិកម្ពុជា។ ជ័យជម្នះដ៏ប្រសើរនេះ រាល់សកម្មភាពនៃសង្គមបានងើបឡើងវិញ ហើយបានចាប់ដំណើរការការងារជាបណ្តើរៗលើគ្រប់វិស័យ ។ ជាពិសេសនៅពេលនេះបានប្រារព្ធពិធី «រុក្ខទិវា» ឡើងវិញ បន្ទាប់ពីអាក់ខានអស់រយៈពេលពីរឆ្នាំកន្លងទៅ។
ព្រះអង្គបានចាត់ទុកថា សមិទ្ធផលទាំងអស់នេះ បានផ្ដល់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប បានរស់នៅប្រកបដោយ សុខុមាលភាព មានសន្តិសុខ សណ្តាប់ធ្នាប់ល្អរុងរឿង និងមានកេរ្តិ៍ឈ្មោះល្បីរន្ទឺលើឆាកអន្តរជាតិ ។
ទោះជាយ៉ាងណាក៏ដោយ ស្ថិតក្នុងកាលៈទេសៈនេះ ព្រះមហាក្សត្រ បានអំពាវនាវដល់ប្រជារាស្ត្រទាំងអស់ បន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់ ដើម្បីទទួល បានសុខភាពល្អប្រសើរ បន្តប្រតិបត្តិការងារ និងប្រកបអាជីវកម្មប្រចាំថ្ងៃ ទៅតាមគន្លងថ្មីជាមួយនឹង ជំងឺរាតត្បាតកូវីដ-១៩ ដែលមិនទាន់រលត់សាបសូន្យនៅឡើយ។
សូមជំរាបជូនថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី០៩ ខែកក្កដា ព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធឡើងនូវព្រះរាជពិធីដាំកូនឈើ ដែលហៅថា «រុក្ខទិវា» ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ប៉ុន្តែ ២ឆ្នាំកន្លងទៅនេះ ដោយសារតែការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យផ្អាកការរៀបចំព្រះរាជពិធីដ៏ឧត្តុង្គឧត្តម និងមានអត្ថន័យនេះ៕