គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ទង់ជាតិ​កម្ពុជា ត្រូវបាន​បង្ហាញលើកំពូលអគារខ្ពស់ៗជាច្រើនកន្លែង​នៅទីក្រុងសៀងហៃ ដើម្បី​ស្វាគមន៍ព្រះវត្តមានព្រះមហាក្សត្រកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១​ |
    ទង់ជាតិ​កម្ពុជា ត្រូវបាន​បង្ហាញលើកំពូលអគារខ្ពស់ៗជាច្រើនកន្លែង​នៅទីក្រុងសៀងហៃ ដើម្បី​ស្វាគមន៍ព្រះវត្តមានព្រះមហាក្សត្រកម្ពុជា ទង់ជាតិ​កម្ពុជា ត្រូវបាន​បង្ហាញលើកំពូលអគារខ្ពស់ៗជាច្រើនកន្លែង​នៅទីក្រុងសៀងហៃ ដើម្បី​ស្វាគមន៍ព្រះវត្តមានព្រះមហាក្សត្រកម្ពុជា

    ទង់ជាតិរបស់កម្ពុជា តាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើបនោះ ត្រូវបានរំលេចជាច្រើនកន្លែងនៅលើកំពូលអគារខ្ពស់ៗក្នុងទីក្រុងសៀងហៃ ប្រទេសចិន។ ការរៀបចំរំលេចបែបនេះ ដើម្បីស្វាគមន៍ចំពោះព្រះវត្តមានដ៏ឧត្តុងឧត្តមរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ពេលយាងបំពេញទស្សនកិច្ចនៅក្រុងសៀងហៃ។

    ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះអង្គបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ ក្នុងព្រះរាជដំណើរទៅកាន់ក្រុងសៀងហៃនេះ ព្រះអង្គបានសព្វព្រះរាជហឫទ័យទទួលជួបសវនការជាមួយលោក Li Qiang លេខាធិការនៃគណៈកម្មាធិការគណបក្សក្រុងសៀងហៃ និងលោក Gao Zheng អភិបាលក្រុងសៀងហៃផងដែរ។

    ក្នុងព្រះរាជសវនាការដ៏ឧត្តុង្គឧត្តមនោះ លោក Li Qiang ក្នុងនាមគណៈកម្មាធិការគណបក្សក្រុង រដ្ឋបាលក្រុង និងប្រជាជនទូទាំងក្រុងសៀងហៃ បានថ្វាយនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះព្រះរាជដំណើរទស្សនកិច្ចរបស់ ព្រះអង្គ និងបានទូលថ្វាយអំពីភាពរីកចម្រើននានាទាំងឡាយដែលទីក្រុងសៀងហៃសម្រេចបាន។

    លោក Li Qiang បានបន្តថា ចំណងមិត្តភាពចិន-កម្ពុជា មានប្រវត្តិសាស្ត្រយូរអង្វែងណាស់មកហើយ។ ចំណងមិត្តភាពរវាងប្រជាជនទាំងពីរមានភាពស៊ីជម្រៅ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្តូរនៅក្នុងវិស័យផ្សេងៗបន្តកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ទៀត ដែលបង្ហាញពីចំណងមិត្តភាព «ដែកថែប» មិនអាចបំបែកបានរវាងចិន និងកម្ពុជា។

    លេខាធិការនៃគណៈកម្មាធិការគណបក្សក្រុងសៀងហៃ បានលើកឡើងទៀតថា ទីក្រុងសៀងហៃ គឺជាទីកន្លែងកំណើតរបស់បក្សកុម្មុយនិស្តចិន ដែលជាទីក្រុងមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំបំផុតរបស់ចិន និងជាព្រំដែននៃការកែទម្រង់ ដោយបាននឹងកំពុងអនុវត្តនូវការណែនាំដ៏សំខាន់ៗរបស់លោកប្រធានាធិបតី Xi JinPing មកកាន់ទីក្រុងសៀងហៃ និងពន្លឿនការស្ថាបនា «មជ្ឈមណ្ឌលទាំង៥» និងទីក្រុងអន្តរជាតិសង្គមនិយមទំនើបមួយដែលមានភាពរីកចម្រើន និងបង្ហាញពីលក្ខណៈដ៏ពិសេសនេះទៅកាន់ពិភពលោក។

    លោក Li Qiang សង្ឃឹមថា តាមរយៈព្រះរាជដំណើរទស្សនកិច្ចដ៏ឧត្តុង្គឧត្តមនេះ នឹងធ្វើឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីទីក្រុងសៀងហៃ ព្រមទាំងជំរុញការផ្លាស់ប្តូរមិត្តភាពរវាងភាគីទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត។ លោក ក៏បានលើកឡើងផងដែរថា ក្រុងសៀងហៃ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរគ្នាលើវិស័យផ្សេងៗ និងចូលរួមវិភាគទានកាន់តែច្រើនក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងចិន-កម្ពុជា។

    ព្រះករុណា ព្រះមហាក្សត្រខ្មែរ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជបន្ទូលសំណេះសំណាលក្នុងព្រះរាជសវនាការដ៏ឧត្តុង្គឧត្តមនោះថា ក្នុងដំណើរព្រះរាជទស្សនកិច្ចនៅទីក្រុងសៀងហៃនៅពេលនេះ ព្រះអង្គបានទតឃើញអំពីការអភិវឌ្ឍន៍ដ៏រីកចម្រើននៃទីក្រុងអន្តរជាតិមួយនេះ ដែលបានរំលឹកដល់ទីតាំងនៃមហាសន្និបាតលើកទី១ នៃបក្សកុម្មុយនិស្តចិន និងបានធ្វើឲ្យព្រះអង្គ កាន់តែឈ្វេងយល់យ៉ាងស៊ីជម្រៅថែមទៀតចំពោះសមិទ្ធិផលដ៏អស្ចារ្យដែលប្រជាជនចិនសម្រេចបានក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន។

    ព្រះអង្គ បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រទេសចិន នឹងទទួលបាននូវការអភិវឌ្ឍថ្មីៗ និងកាន់តែល្អប្រសើរឡើងទៀតក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Xi JinPing។

    ព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្តថា ព្រះអង្គ នឹងចូលរួមជាមួយប្រធានាធិបតី Xi JinPing ដើម្បីទទួលមរតកដ៏វិសេសវិសាលនេះ និងបន្តនូវចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងមេដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ ហើយនិងកត់ត្រាជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា-ចិន៕

    អត្ថបទទាក់ទង