សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នៅម៉ោង១៧ និង៣៣នាទីល្ងាចថ្ងៃទី១០ ខែឧសភា (ម៉ោងនៅរដ្ឋធានីវ៉ាស៊ិនតោន) ត្រូវនឹងម៉ោង៦និង៣៣នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅរាជធានីភ្នំពេញ) បានអញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ិនតោនហើយដើម្បី ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២នេះ។
វត្តមានអញ្ជើញដល់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិ Joint Base Andrews រដ្ឋធានីវ៉ាស៊ិនតោន ត្រូវបានទទួល ស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុត ពីឥស្សរជនជាន់ខ្ពស់ ពិធីការក្រសួង ការបរទេសសហរដ្ឋអាមេរិក ឯកឧត្តម កែវ ជា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់សហរដ្ឋអាមេរិក និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំរដ្ឋធានីវ៉ាស៊ិនតោន ជាច្រើនរូប រួមនឹងបងប្អូនខ្មែរអាមេរិកកាំងនៅ Willard intercontinental hotel, Washington DC , USAផងដែរ។
សូមបញ្ជាក់ថា តាមកម្មវិធីដែលបានគ្រោងទុក ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-សហរដ្ឋអាមេរិក នាថ្ងៃទី១២-១៣ឧសភា សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងនាមជាប្រធានអាស៊ាន និងជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក មានគម្រោងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្រ្តីវៀតណាម និងបណ្តាមេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ជាច្រើនរូប ពិសេសជួបសន្ទនាដោយផ្ទាល់ជាមួយ សហគមន៍ខ្មែរប្រមាណ ១ពាន់នាក់ រស់នៅសហរដ្ឋអាមេរិក៕