ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេសជូនជនរួមជាតិពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងថ្លែងសារពិសេសជូនជនរួមជាតិចេញពីគេហដ្ឋាន ដោយមានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទ្សន៍ជាតិកម្ពុជា និងផ្សាយបន្តផ្ទាល់តាមទូរទស្សន៍នានា និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀតផងដែរ។ នេះបើតាមការឲ្យដឹងពីឯកឧត្ដម ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី។
បើតាមឯកឧត្ដម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងការថ្លែងសារពិសេសនៅព្រឹកស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងថ្លែងសារពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ជាពិសេសខួប ២២ឆ្នាំនៃនយោបាយឈ្នះ-ឈ្នះ ដែលបានបិទបញ្ចប់ភ្លើងសង្គ្រាម និងនាំកម្ពុជាឲ្យទទួលបានសុខសន្តិភាពពេញលេញ និងបញ្ហាផ្សេងៗមួយចំនួនទៀត។
គួរបញ្ជាក់ថា ករណីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤១នាក់។ ក្នុងនោះព្យាបាលឲ្យជាសះស្បើយមានចំនួន ៣៨នាក់ និងសល់ ៣នាក់ កំពុងសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យ។
ជាការកត់សម្គាល់ក្នុងរយៈពេលជាងពីរសប្តាហ៍មកនេះ ក្រសួងសុខាភិបាលរកមិនឃើញមានករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាឡើយ៕