សម្ដេចតេជោ ហ៊ុន សែន ប្រកាសបន្តកាត់បៀវត្សរយៈពេល៧ខែទៀតជូនក្រសួងសុខាភិបាល ដើម្បីជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ១៩
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបន្តកាត់ប្រាក់បៀវត្សទាំងអស់រយៈពេល ៧ខែទៀត ជូនទៅក្រសួងសុខាភិបាលដោយចាប់ពីខែកុម្ភះ ដល់ខែសីហា ឆ្នាំ២០២១ ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ១៩។
តាមរយៈហ្វេសប៊ុកផ្លូវការសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសបន្តកាត់ប្រាក់បៀវត្សសម្ដេចផ្ទាល់រយៈពេល ៧ខែទៀត (ក្រោយការបង់ពន្ធ) ជូនទៅក្រសួងសុខាភិបាលដោយចាប់ពីខែកុម្ភះ ដល់ខែសីហា ឆ្នាំ២០២១ ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលជំងឺនេះបាននឹងកំពុងរាតត្បាតនៅទូទាំងពិភពលោក រាប់ទាំងកម្ពុជាយើងផងដែរ។
សម្ដេចតេជោ បានសរសេរយ៉ាងដូច្នេះថា « ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ ១៩ ក្នុងឆ្នាំកន្លងមកខ្ញុំបានកាត់ប្រាក់បៀវត្សទាំងអស់ក្រោយការបង់ពន្ធលើបៀវត្សជូនរដ្ឋរយះពេល៧ខែជូនទៅក្រសួងសុខាភិបាល។ បៀវត្សរបស់ខ្ញុំ១០លានរៀល/ខែ ត្រូវបង់ពន្ធ៩១០.០០០រៀល/ខែ និងប្រគល់ជូនក្រសួងសុខាភិបាល៩.០៩០០.០០០រៀល/ខែ សរុប៧ខែចំនួន៦៣.៦៣៩.០០០រៀល។ អាស្រ័យដោយកូវីដ១៩បាននឹងកំពុងកើតមានបន្តនៅទូទាំងពិភពលោករាប់ទាំងកម្ពុជាយើងផង ខ្ញុំសូមប្រកាសបន្តកាត់បៀវត្សទាំងអស់ក្រោយការបង់ពន្ធរយះពេល៧ខែទៀតជូនទៅក្រសួងសុខាភិបាលដោយចាប់ពីខែកុម្ភះឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២១។»
ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកឱកាសនេះថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងស្ថាបន័ស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនយើង៕