សម្តេចតេជោ ហ៊ុន សែន៖ “ស្ដាប់ប្រជាជននិយាយ ទទួលដោះស្រាយសំណូមពរប្រជាជនទើបយើងរៀបចំគោលនយោបាយបានត្រឹមត្រូវ”
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុក នៅថ្ងៃទី០២ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ស្តាប់ប្រជាជននិយាយ ទទួល ដោះស្រាយ សំណូមពរសមហេតុ សមផលរបស់ប្រជាជនទើបយើងរៀបចំគោលនយោបាយបានត្រឹមត្រូវ ហើយត្រូវធ្វើមន្ត្រីជើងពីរមិនត្រូវធ្វើមន្ត្រីជើង ១០នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដើម្បីមានស្បៀងគ្រប់គ្រាន់ សម្រាប់ចិញ្ចឹមប្រជាជនយើងត្រូវធ្វើវេទិកាតាមភ្លឺស្រែជាមួយប្រជាជន។ ពេលនោះការពិភាក្សាផ្តោតសំខាន់លើការដោះស្រាយទឹក ការប្រើប្រាស់ពូជការប្រើប្រាស់ដី ជី ថ្នាំសម្លាប់សត្វល្អិតការបែងចែកតំបន់ដាំដុះ ការចិញ្ចឹមត្រី និងសត្វ ។ល។
សម្តេចបានបន្ថែមថា «ការឆ្លងឆ្លើយរវាងប្រជាជន និងនាយករដ្ឋមន្ត្រីបានធ្វើឲ្យវេទិកាមានជោគជ័យដែលយើងបានដោះស្រាយសំណូមពររបស់ប្រជាជនមិនត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេ តែយើងបានដោះស្រាយសាលារៀន ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹកវត្តអារាម។ល។ បានយ៉ាងច្រើនទៀតផង។ ពីប្រទេសដែលខ្វះស្រូវប្រមាណ ១លានតោន នាទសវត្សរ៍ ១៩៩០ និងដើមឆ្នាំ២០០០ពេលនេះយើងសល់ស្រូវជាង៦លានតោនជាមួយដំណាំកសិកម្មផ្សេងទៀត មានការរីកចំរើនយ៉ាងខ្លាំងដែលធ្វើឲ្យយើងដោះស្រាយបានតម្រូវការក្នុងស្រុក និងការនាំចេញផងដែរ។ វេទិកាតាមវាលស្រែធ្វើមិនតិចជាង ១០ដងនោះទេដែលមាននៅខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ។ កូនស្រីច្បងរបស់ខ្ញុំមានទម្លាប់ដើរតាមឪពុកតាំងពីតូច គេធ្លាប់ទៅតាមខ្ញុំបានប៉ុន្មានកន្លែងដែរក្នុងវេទិកាតាមភ្លឺស្រែនេះ។ ស្តាប់ប្រជាជននិយាយ ទទួល ដោះស្រាយ សំណូមពរសមហេតុ សមផលរបស់ប្រជាជនទើបយើងរៀបចំគោលនយោបាយបានត្រឹមត្រូវ។ ត្រូវធ្វើមន្ត្រីជើងពីរមិនត្រូវធ្វើមន្ត្រីជើង១០នោះឡើយ និងត្រូវរត់ទៅរកការងារធ្វើកុំរង់ចាំការងាររត់មករកយើងនោះទេ»៕