វ៉ាក់សាំង Johnson Johnson ជាជំនួយអាមេរិកជំហានទី២ ចំនួនជាង ៦០ម៉ឺនដូសបន្ថែមទៀត បានដឹកមកដល់កម្ពុជានៅយប់មិញនេះ
ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋអាមេរិក ចំនួន៦០៩,៦០០ដូសបន្ថែមទៀត តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅពីយប់ ០០:៤០នាទីអាធ្រាត្រចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។
វ៉ាក់សាំងដែលបានដឹកមកដល់យប់មិញនេះគឺ ជាជំហានទី២ នៃជំនួយរបស់សហរដ្ឋអាមេរិកសរុប ចំនួន១លានដូស។
តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់សាំង, សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លាន៦ម៉ឺន១០០ដូស (១,០៦០,១០០) ដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ដោយជំនួយលើកទី១ ទទួលបានរួចហើយចំនួន ៤៥០,៥០០ដូស និងលើកទី២នេះ ចំនួន ៦០៩,៦០០ដូស។ អំណោយនេះគឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាពលរដ្ឋកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង