គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ព្រះករុណា ព្រះមហាក្សត្រ យាងចាកចេញពីកម្ពុជា ដើម្បីចូលរួម​ពិធីបើក​ព្រឹត្តិការណ៍​ប្រកួតកីឡា​អូឡាំពិក​រដូវរងារ នៅទីក្រុងប៉េកាំង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២២​ |
    ព្រះករុណា ព្រះមហាក្សត្រ យាងចាកចេញពីកម្ពុជា ដើម្បីចូលរួម​ពិធីបើក​ព្រឹត្តិការណ៍​ប្រកួតកីឡា​អូឡាំពិក​រដូវរងារ នៅទីក្រុងប៉េកាំង ព្រះករុណា ព្រះមហាក្សត្រ យាងចាកចេញពីកម្ពុជា ដើម្បីចូលរួម​ពិធីបើក​ព្រឹត្តិការណ៍​ប្រកួតកីឡា​អូឡាំពិក​រដូវរងារ នៅទីក្រុងប៉េកាំង

    ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​នៅព្រឹក​ថ្ងៃទី​០៣កុម្ភៈនេះ ​យាង​ចាក​ចេញ​ពីរាជ​ធានី​ភ្នំពេញ​ ដើម្បី​ចូលរួម​ពិធីបើក​ព្រឹត្តិការណ៍​ប្រកួត​កីឡាអូឡាំពិក​រដូវ​រងារ​ ​នៅទីក្រុងប៉េកាំង ប្រទេសចិន។

    ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ទ្រង់​នឹង​គង់​ប្រថាប់​នៅ​ទីក្រុងប៉េកាំង ​រហូត​ដល់​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ​ទើប​យាង​ត្រឡប់​មក​កាន់​កម្ពុជា​វិញ​។ ក្នុងឱកាស​នៃព្រះអវត្តមាន​ព្រះករុណា​ជាម្ចាស់​ជីវិត​តម្កល់​លើត្បូង​ រាល់​ព្រះរាជ​តួនាទី​ និង​ភារកិច្ច​របស់​ព្រះអង្គ​ នឹង​ត្រូវ​ប្រគល់​ជូន​សម្តេច​វិបុលសេនា​ភក្តី​ សាយ​ ឈុំ ​ប្រធានរដ្ឋ​ព្រឹទ្ធសភា​ ជាប្រមុខរដ្ឋស្ដីទី។

    អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទៅទីក្រុងប៉េកាំងប្រទេសចិន គេឃើញមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។

    សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាព​ល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់​ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់​ប្រជានុរាស្ត្រ​គ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ។

    សូមបញ្ជាក់ថា ប្រទេសចិន បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាអូឡាំពិករដូវក្តៅ និងរដូវរងារឆ្នាំ២០២២ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ ការរៀបចំ​កម្មវិធី​ដ៏មហា​មានន័យ ជាប្រវត្តិសាស្រ្តសម្រាប់មនុស្សជាតិ ក្នុងពេលដែល​ពិភពលោក​ទាំងមូល​កំពុង​ប្រឈមមុខ​នឹងវិបត្តិ នៃការរីករាតត្បាតជាសកលជំងឺ Covid-19។ ប្រទេសចិន កំពុងស្ថិតនៅក្នុងដំណាក់​កាលថ្មីមួយទៀត ក្នុងការធានាទាំងសុវត្ថិភាពសន្តិសុខ ទាំងសុវត្ថិភាព​សុខាភិបាលសាធារណៈ សម្រាប់គណៈប្រតិភូកីឡា និងសម្រាប់វេទិកាកីឡាអន្តរជាតិនេះ។

    ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដែលរៀបចំឡើងក្នុងបរិបទ នៃការរីករាលដាល នៃជំងឺកូវីដ១៩ នឹងក្លាយជាការប្រកួតដ៏ឱឡារិក និងជារឿងមង្គលជាសកលដ៏កម្រមាន ប្រជាជន​ទូទាំង​ពិភពលោករំ​ពឹង​ទុក​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះការបើក​ធ្វើ​នៃ​ការប្រកួត​កីឡាអូឡាំពិក​លើកនេះ។ បណ្តាទីក្រុងនៅប្រទេសចិន បាននាំគ្នាដាក់ចេញចំណាត់ការតឹងរ៉ឹង ដើម្បីគ្រប់គ្រង​ការឆ្លងរាលដាលថ្មី​ៗ​នៃ COVID-19 ខណៈដែលទីក្រុងប៉េកាំងកំពុងត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍អូឡាំពិករដូវរងា នៅដើមខែកុម្ភៈនេះ៕

    អត្ថបទទាក់ទង