សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសបង់ក្លាដែសចូលជួបសម្ដែងការគួរសម
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្ដមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ចូលជួបសំដែងការគួរសម នាវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសបង់ក្លាដែសបានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីល្ងាចថ្ងៃទី១៤កក្កដាម្សិលមិញ ដើម្បីចាប់ផ្ដើមទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតមតាមការអញ្ជើញរបស់ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
សូមជំរាបជូនផងដែរ ក្រៅតែពីការជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ហើយនោះ ឯកឧត្ដម អេ ខេ អាប់ឌុល ម៉ូមិន នឹងអញ្ជើញជួបទ្វេភាគីជាមួយឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផងដែរ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងពិភាក្សាលើទិដ្ឋភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។
នៅក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន នឹងអញ្ជើញធ្វើបាឋកថា ក្នុងសិក្ខាសាលាដែលរៀបចំដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា៕