សម្ដេចពញាចក្រី ហេង សំរិន និងក្រុមគ្រួសារ រួមនឹងសមាជិកសមាជិការដ្ឋសភា លទ្ធផលតេស្តលើកទី៣ គឺអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់

ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ បានបង្ហាញថា លទ្ធផលតេស្តលើកទី៣ របស់សម្ដេចពញាចក្រី ហេង សំរិន និងក្រុមគ្រួសារ ព្រមទាំងសមាជិក សមាជិការដ្ឋសភា គឺអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់។
សម្ដេចពញាចក្រី ហេង សំរិន បានសរសេរលើហ្វេសប៊ុកថា « ខ្ញុំ ភរិយាខ្ញុំ និងសមាជិកក្រុមគ្រួសារ ព្រមទាំងសមាជិក សមាជិការដ្ឋសភា ដែលបានពាក់ព័ន្ធដោយប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានធ្វើតេស្តគ្រប់ចំនួន៣ លើក កាលពីថ្ងៃទី១២ធ្នូ ជាលទ្ធផល «អវិជ្ជមានទាំងអស់» និងបានបញ្ចប់ការធ្វើចត្តាឡីសកតាមការកំណត់ នាថ្ងៃនេះ។ »
សម្ដេចពញាចក្រីបន្តថា ទោះបីស្ថានការណ៍ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ហាក់ត្រូវបានយើងគ្រប់គ្រងទាំងស្រុងហើយក្តី ប៉ុន្តែសូមជនរួមជាតិកុំប្រហែសជាមួយនឹងជំងឺកូវីដ១៩ឱ្យសោះ។ ជំងឺនេះ នៅបន្តគំរាមកំហែងប្រទេសយើងនិងសកលលោកជានិច្ច។ យើងអាចភ្លេចជំងឺកូវីដ១៩ តែកូវីដ១៩ មិនដែលភ្លេចយើងនោះឡើយ។
សម្ដេចពញាចក្រី បានធ្វើការអំពាវនាវដល់ជនរួមជាតិបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនរាល់វិធានការការពារទាំងឡាយ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ដូចជាត្រូវពាក់ម៉ាសជានិច្ច ជៀសវាងការជួបជុំគ្នាដែលមានមនុស្សច្រើន ត្រូវរក្សាគម្លាតសុវត្ថិភាព ហើយឧស្សាហ៍លាងសម្អាតដៃជាប្រចាំ។ បើមិនមានការចាំបាច់ ពុំគួរចេញក្រៅផ្ទះនោះឡើយ។ ភារកិច្ចសំខាន់របស់យើងក្នុងការជួយសង្គមជាតិ ក្រុមគ្រួសារនាពេលនេះ គឺការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធ្វើយ៉ាងណាកុំឱ្យឆ្លងជំងឺមកលើខ្លួន គ្រួសារ និងសហគមន៍យើង។
ជាមួយគ្នានេះដែរ សម្ដេចបានជូនពរជនរួមជាតិ រីករាយនាឱកាសឈប់សម្រាកចុងសប្តាហ៍នេះ និងទទួលបានសេចក្តីសុខ និងសុភមង្គលគ្រប់ក្រុមគ្រួសារ និងសូមឱ្យជំងឺកូវីដ-១៩ សាហាវនេះ ជៀសចេញចាកឆ្ងាយពីសកលលោក ក្នុងពេលឆាប់ៗនេះ៕