សម្តេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងខួប១៦ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ
តាមរយៈហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួន១៦ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះអង្គ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកយ៉ាងដូច្នេះថា « ក្នុងព្រះរាជវរោកាសដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រសើរ និងសូមលើកហត្ថទាំងទ្វេប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មី ព្រះបារមី ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ និងដួងព្រះវិញ្ញានក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមតាមបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់មានព្រះរាជសុខភាពបរិបូរណ៍ ព្រះរាជកាយពលវិបុលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាព្រះម្លប់សម្រាប់អាណាប្រជារាស្ត្រខ្មែរគ្រប់ៗរូប»៕