ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បរិច្ចាគថវិកា ២០ម៉ឺនដុល្លារ និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួន ដល់ប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសបរិច្ចាគថវិកាចំនួន ២០ម៉ឺនបន្ថែម និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួន ដល់ប្រទេសមីយ៉ាន់។ នេះបើយោងតាមសារលិខិតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើជូនឯកឧត្ដម នាយឧត្ដមសេនីយ៍ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
ក្នុងសារលិខិតសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ សម្ដេចសូមបរិច្ឆាគជាសាច់ប្រាក់ចំនួន ២០០.០០០ដុល្លារអាមេរិករបស់រាជរដ្ឋាភិបាលកម្ពុជា បន្ថែមលើការសន្យារបស់កម្ពុជា ចំនួន ១០ម៉ឺនដុល្លារ សម្រាប់ជំនួយមនុស្សធម៌អាស៊ានជួយមីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួលជំនួយមនុស្សធម៌ (AHA Centre)។
សម្ដេចតេជោ បានបញ្ជាក់បន្ថែមទៀតថា កម្ពុជានឹងបរិច្ចាគឧបករណ៍វេជ្ជសាស្ត្រមួយចំនួនដែលរួមមាន ម៉ាសចំនួន៣លាន , តេស្តរហ័សចំនួន៥០ម៉ឺន , សំលៀកបំពាក់សុវត្ថិភាពPPEចំនួន ២០០០ឈុត , ម៉ាស៊ីនផលិតអុកស៊ីសែនស្វ័យប្រវត្តិចំនួន១០០គ្រឿង ,ម៉ាស៊ីនជំនួយដកដង្ហើមចំនួន២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន២០គ្រឿង ជូនដល់សហភាពមីយ៉ាន់ម៉ា ខណៈដែលប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងខាភិបាល និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នឹងប្រគល់ជូនអំណោយនេះតាមជើងហោះហើរពិសេស ជូនមីយ៉ាន់ម៉ានៅទីក្រុងណៃពីដោ ក្នុងពេលឆាប់ៗខាងមុខនេះ៕