អរគុណសន្តិភាព!! ការរីកចម្រើនទាំងអស់នៅកម្ពុជា មិនអាចកើតឡើងបានឡើយ បើប្រទេសមិនមានសន្តិភាព
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីពីតម្លៃនៃសន្តិភាព ដែលរកបានដោយលំបាក ហើយមកដល់ពេលនេះប្រទេសកម្ពុជាបានកំពុងផ្លាស់ប្ដូរមុខមាត់ថ្មីយ៉ាងលឿនតាមរយៈវត្តមានអគារខ្ពស់ៗកប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ កាន់តែច្រើន ។ សម្ដេចតេជោក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍឲ្យកាន់តែរីកចម្រើនខ្លាំងថែមទៀត។
តាមរយៈហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបង្ហោះនូវរូបភាពប៉ុន្មានសន្លឹកនៃសំណង់អគារខ្ពស់ៗ ដោយសម្ដេចបានបញ្ជាក់ថា «នេះគឺទិដ្ឋភាពមួយចំនួន នៃរាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជាយើង ថតពីលើអាកាស នៅក្នុងខែមករា ឆ្នាំ២០២២នេះ ។ បច្ចុប្បន្ននេះ វាពិតជាខុសគ្នាដាច់ស្រឡះពីអតីតកាល ហើយទៅអនាគត ក៏នឹងកាន់តែរីកដុះដាលច្រើន និងល្អៗជាងនេះថែមទៀត ។ តាមរយៈទិដ្ឋភាពនេះ បានបង្ហាញអោយឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះទីក្រុងភ្នំពេញបាន និងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿនតាមរយៈវត្តមានអគារខ្ពស់ៗកប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ កាន់តែច្រើននៅក្នុងទីក្រុង នៃប្រទេសកំពុងមានការអភិវឌ្ឍមួយនេះ។»
ការបង្ហាញវត្តមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ បានកើតឡើងជាបន្តបន្ទាប់ កាន់តែច្រើនទាំងអស់នេះ គឺបានឆ្លុះបញ្ចាំងពីសមិទ្ធផលធំៗរបស់កម្ពុជាដែលសម្រេចបាន និងមិនធ្លាប់មានពីមុនមក ក្នុងខណៈពេលដែលកម្ពុជាកំពុងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
សម្ដេចតេជោបានគូសបញ្ជាក់ថា ការរីកចម្រើនទាំងអស់នេះ មិនអាចកើតឡើងបានឡើយ បើប្រទេសយើងមិនមានសន្តិភាព។ ដូច្នេះសន្តិភាព គឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិរបស់យើងអោយកាន់តែរីកចម្រើនខ្លាំងថែមទៀត៕