គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន នឹង​ចាក់វ៉ាក់សាំង​ដែលទទួលបានពីមិត្តចិន​ នៅថ្ងៃទី​១០កុម្ភៈ​ខាងមុខ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៥ ខែកុម្ភៈ ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន នឹង​ចាក់វ៉ាក់សាំង​ដែលទទួលបានពីមិត្តចិន​ នៅថ្ងៃទី​១០កុម្ភៈ​ខាងមុខ​ សម្ដេចតេជោ​ ហ៊ុន​ សែន នឹង​ចាក់វ៉ាក់សាំង​ដែលទទួលបានពីមិត្តចិន​ នៅថ្ងៃទី​១០កុម្ភៈ​ខាងមុខ​

    ភ្នំពេញ​៖ តាមរយៈ​ហ្វេសប៊ុកផ្លូវការ​នៅថ្ងៃទី​០៥​ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ សម្ដេចតេជោ​ ហ៊ុន ​សែន​ នាយករដ្ឋមន្ត្រី នៃកម្ពុជា​ បានបញ្ជាក់ថា សម្ដេច រួមនឹង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត​ នឹង​ចាក់​វ៉ាក់សាំងដែលទទួលបានពីមិត្តចិន​នៅថ្ងៃទី១០កុម្ភៈខាងមុខនេះ នៅ​មន្ទីរពេទ្យកាល់ម៉ែត្រ​។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​សរសេរថា «វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនតាមរយៈក្រសួងការពារជាតិចិនមកកាន់ក្រសួងការពារជាតិកម្ពុជានឹងដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូសនៅល្ងាចថ្ងៃអាទិត្យទី៧កុម្ភៈ២០២១ដែលជាដំណាក់កាលដំបូងនៃជំនួយចំនួន១លានដូស។

    ម៉ោង៨និង៣០នាទីថ្ងៃទី១០កុម្ភៈ២០២១ ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការនៅមន្ទីរពេទ្យកាល់ម៉ែត្រដែលខ្លួនខ្ញុំនឹងទទួលមុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលគាត់បានចាក់វ៉ាក់សាំងនេះរួចហើយ។

    ការចាក់វ៉ាក់សាំងនេះនឹងមានការផ្សាយផ្ទាល់និងបន្ទាប់ពីចាក់រួចខ្ញុំនឹងធ្វើសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្តង។»

    ជាមួយគ្នានេះដែរ សម្ដេចតេជោ​ បាន​ជំរាបជូន​បន្ថែមថា ថ្ងៃនេះជាខួបមួយឆ្នាំ នៃដំណើរទស្សនកិច្ចរបស់សម្ដេច​ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន(៥ កុម្ភៈ ២០២០ -៥កុម្ភៈ ២០២១)ដែលជាទស្សនកិច្ចមានអត្ថន័យដ៍ជ្រាលជ្រៅ នៃចំណងមិត្តភាព សាមគ្គីភាព​ក្នុងដំណាក់កាលដែលប្រទេសចិនកំពុងផ្ទុះឡើង នៃជំងឺ​កូរ៉ូណា ដែលក្រោយនេះហៅថាកូវីដ១៩ ដែលពេលនោះសម្ដេច​បានប្រើពាក្យថា (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)។

    សម្ដេចតេជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណផងដែរដល់​ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី កឺឈាង និងថ្នាក់ដឹកនាំចិនផ្សេងទៀត ដែលបានទទួលសម្ដេច និងគណៈប្រតិភូ ជាពិសេសបានជួយដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសចិនរាប់ទាំងនៅទីក្រុងវូហានផងអោយជៀសផុតពីជំងឺឆ្លង និងទទួលបាននូវការសិក្សាប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសចិនជាមិត្ត៕

    អត្ថបទទាក់ទង