[វីដេអូ] សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា សម្ដេចគ្មានផលប្រយោជន៍អ្វីក្រៅពីចង់ជួយប្រជាជនមីយ៉ាន់ម៉ាឲ្យចេញផុតពីសង្គ្រាមទេ
ក្រោយពីមានប្រជាពលរដ្ឋមីយ៉ាន់ម៉ាមួយចំនួនតូច ប្រើពាក្យសម្តីមិនសមរម្យចំពោះសម្តេចតេជោ និងប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងដំណើរការរកដំណោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់មានោះ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីថា សម្ដេច គ្មានផលប្រយោជន៍អ្វីក្រៅពីចង់ជួយប្រជាជនមីយ៉ាន់ម៉ាឱ្យចេញផុតពីសង្គ្រាមទេ។ សម្ដចបញ្ជាក់ទៀថា ប្រសិនអ្នកឯងចង់ធ្វើសង្គ្រាមជាមួយពួកយោធា ៥០ឆ្នាំថែមទៀត សូមអញ្ជើញចុះ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឳ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែងសរុប ៩៣.៥៦គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។
សម្តេចតេជោបានចោទជាសំនួរទៅកាន់ប្រជាជនមីយ៉ានមារដែលមិនពេញចិត្តដំណើរការផ្សះផ្សានេះថា «តើអ្នកឯងមានសមត្ថភាពផ្តួលរំលំអ្នកកាន់អំណាចនៅណៃពិដោសព្វថ្ងៃបានដែរឬអត់? អ្នកឯងមានទាហ៊ានប៉ុន្មានសម្រាប់ច្បាំងជាមួយទាហ៊ានកន្លះលាននាក់នៅមីយ៉ាន់មានោះ?។ បើអ្នកឯងចង់ធ្វើសង្គ្រាមធ្វើទៅ ខ្ញុំបានប្រឹងប្រែងអស់ប៉ុណ្ណឹងហើយ ប៉ុន្តែខ្ញុំក៏មិនបោះបង់ការខិតខំប្រឹងប្រែងរបស់ខ្ញុំដែរ ក្នុងឋានៈជាសមាជិកអាស៊ាន ហើយក្នុងឋានៈជាប្រធានអាស៊ាននៅឆ្នាំនេះ កុងសង់ស៊ីស ៥ចំណុចនៅតែបន្តធ្វើ ដោយអំពាវនាវជាមួយរដ្ឋបាល និងជាមួយអ្នកគ្រប់គ្រងអំណាចនៅមីយ៉ាន់មា»។
សូមជម្រាបផងដែរថា នៅថ្ងៃទី៦ ខែកុម្ភៈ ម្សិលមិញនេះ សាស្ត្រាចារ្យជនជាតិអូស្ត្រាលីលោក សន ថឺនែល អ្នកជំនាញសេដ្ឋកិច្ច ដែលជាជំនួយការផ្នែកសេដ្ឋកិច្ចរបស់លោកស្រី អ៊ុង សានស៊ូជី ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ដែលនេះក៏ជាកាស្នើសុំរបស់សម្តេចតេជោ ទៅកាន់មេដឹកនាំយោធាលោក មីង អ៊ុងលាំង ក្នុងអំឡុងពេលដែលសម្តេចអញ្ជើញទៅទស្សនៈកិច្ចនៅប្រទេសមីយ៉ាន់មាកន្លងទៅផងដែរ ដែលពេលនោះមេដឹកនាំយោធាលោក មីង អ៊ុងលាំង បានឆ្លើយតបទៅកាន់សម្តេចតេជោថានឹងពិចារណាជាវិជ្ជមាន៕