វ៉ាក់សាំង Johnson & Johnson ចំនួនជាង៥០ម៉ឺនដូស ជាអំណោយរបស់អាមេរិកនឹងដឹកមកដល់កម្ពុជានៅថ្ងៃទី៣០កក្កដានេះ
ភ្នំពេញ៖ សហរដ្ឋអាមេរិក បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង Johnson & Johnson ចំនួនជាង ១លានដូសដល់កម្ពុជា ក្នុងនោះចំនួនជាង ៥០ម៉ឺនដូស នឹងដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ តាមរយៈយន្តការកូវ៉ាក់(COVAX)។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ។
អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់អាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលដែលគេកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។
ស្ថានទូតអាមេរិកបានបញ្ជាក់ថា វ៉ាក់សាំងទាំងនេះនឹងមកដល់កម្ពុជាលើកដំបូងចំនួនពាក់កណ្ដាលនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯវ៉ាក់សាំងដែលនៅសេសសល់នឹងមកដល់នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។
វត្តមានក្នុងពិធីទទួលនោះរួមមាន លោកភារធារីស្ថានទូតតអាមេរិក Ben Wohlauer និងតំណាងរាជរដ្ឋាភិបាលកម្ពុជា អង្គការសុខភាពពិភពលោក និងអង្គការ UNICEF ផងដែរ៕