សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងទទួលបានវ៉ាក់សាំង Sinovac ៩លានដូសបន្ថែមទៀត
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា កម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន ៩លានដូសបន្ថែមទៀតក្នុងពេលឆាប់ៗនេះ ខណៈដែលវ៉ាក់សាំងប្រភេទនេះមានជាង ៤សែនដូសក្នុងស្តុកស្រាប់។
ថ្លែងក្នុងសន្និសីទសារព័ត៌មានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលធ្វើឡើងនៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ១៩ប្រភេទ ស៊ីណូវ៉ាក់(Sinovac) ចំនួន ៩លានដូសបន្ថែមទៀត ដោយក្នុងនោះ ៦លានដូសជាការបញ្ជាទិញរបស់កម្ពុជា ហើយនឹងដឹកមកដល់នៅក្នុងខែកញ្ញានេះ ឯចំនួន ៣លានដូសទៀតជាជំនួយពីមិត្តចិន។
ជាមួយនឹងការបើកយុទ្ធនាការនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យគណៈកម្មការចាក់វ៉ាក់សាំង សិក្សាអំពីការចាក់វ៉ាក់សាំងដល់កុមារអាយុ៣ ទៅ៦ឆ្នាំ ដែលមានប្រមាណជាង ៩១ម៉ឺននាក់នៅកម្ពុជា ខណៈដែលពួកគេត្រូវចូលរៀនថ្នាក់មត្តេយ្យផងដែរ៕