សម្ដេចតេជោ សម្រេចឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាបណ្ណវិទ្យុ VOD និងត្រូវបញ្ចប់ការផ្សាយត្រឹមម៉ោង១០ព្រឹកស្អែកជាកំហិត
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចលុបចោលអាជ្ញាបណ្ណវិទ្យុ VOD និងត្រូវបញ្ចប់ការផ្សាយរបស់វិទ្យុនេះ នៅត្រឹមម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១៣កុម្ភៈស្អែកនេះជាកំហិត។
សម្ដេចតេជោបានបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី១២កុម្ភៈយ៉ាងដូច្នេះថា តើការប្រើពាក្យសោកស្តាយ និងសូមអធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ? សម្រាប់ខ្ញុំមិនអាចទទួលយកបានឡើយ។ តើការបកស្រាយបំភ្លឺនៅទីនេះមានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ? ទុកជូនឯកឧត្តម ផៃ ស៊ីផាន ពិនិត្យលទ្ធភាពប្តឹងទៅតុលាការ។
សម្ដេចតេជោបន្តថា សម្ដេចបានកាន់តំណែងក្នុងរដ្ឋរយៈពេលជាង៤៤ឆ្នាំ ហើយក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈពេលជាង ៤៤ឆ្នាំ ខ្ញុំពិតជាយល់ដឹងល្មមគ្រប់គ្រាន់នូវពាក្យពេចន៍ដែលត្រូវបានប្រើរាប់ទាំងពាក្យសំដីវាគ្មិនមួយចំនួនដែលចូលមកសម្ភាសក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់ការផ្តល់ជំនួយដល់ប្រទេសទួរគី ដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪវាយទាំងកូនដែលកូននោះ គឺ ហ៊ុន ម៉ាណែត ដែលគាត់ ពុំបានដឹងរឿងអ្វីសោះ។ តើនេះឬជាវិជ្ជាជីវៈ ដែលអស់លោកចង់ផ្សាយដោយអចេតនានោះ?។
សម្ដេចតេជោបានបន្តទៀតថា ដើម្បីកុំឲ្យវែងឆ្ងាយសម្ដេចសម្រេចមិនទទួលយកការសំដែងការសោកស្តាយ និងសូមការអធ្យាស្រ័យជំនួសឲ្យការសុំទោសរបស់អស់លោកដែលជាសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អស់លោកនោះឡើយ។
សម្ដេចបានបញ្ជាក់ថា “ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួន ខ្ញុំសម្រេចបញ្ចប់រឿង នេះដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាបណ្ណវិទ្យុវីអូឌី(VOD) ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០និង០០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត។”
សម្ដេចតេជោបានបញ្ជាឱ្យសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់ និងទ្រព្យសម្បត្តិ នៃវិទ្យុនេះឱ្យបានគង់វង្ស។ ត្រង់ចំណុចនេះសម្ដេចតេជោបញ្ជាក់ថា ការបិទតែការផ្សាយគ្រប់ប្រភេទ នៃវិទ្យុនេះប៉ុណ្ណោះ តែសម្ដេចមិនប៉ះពាល់ ទ្រព្យសម្បត្តិរបស់វិទ្យុនេះទេ។
ជាមួយគ្នានេះដែរសម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅមិត្តភក្តិបរទេសដែលផ្តល់ថវិកាឱ្យវិទ្យុនេះបង្វឹលលុយទៅប្រទេសវិញ ឬជួយទៅប្រទេសផ្សេង និងណែនាំដល់បុគ្គលិកដែលធ្វើការនៅវិទ្យុនេះស្វែងរកការងារធ្វើនៅកន្លែងផ្សេងទៀត៕