គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    នាយករដ្ឋមន្ត្រីឡាវ​កោតសរសើរ​កម្ពុជាចំពោះការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ បាន​យ៉ាងល្អប្រសើរ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១​ |
    នាយករដ្ឋមន្ត្រីឡាវ​កោតសរសើរ​កម្ពុជាចំពោះការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ បាន​យ៉ាងល្អប្រសើរ​ នាយករដ្ឋមន្ត្រីឡាវ​កោតសរសើរ​កម្ពុជាចំពោះការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ បាន​យ៉ាងល្អប្រសើរ​

    ថ្លែងនៅក្នុងកិច្ចជំនួបជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានចំការម៉ន នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិតផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ បានសម្តែងនូវការកោតសរសើរ និងអបអរសាទរចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា បើទោះបីជាប្រទេសកម្ពុជាជួបការលំបាកយ៉ាងណាក៏ដោយជាពិសេសការប្រយុទ្ធប្រឆាំង និងទប់ស្តាត់នឹងជំងឺកូវីដ-១៩ បានអនុវត្តន៍យ៉ាងល្អប្រសើរណាស់។ ហើយមិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ជំនួយមនុស្សធម៌ជាថ្នាំវ៉ាក់សាំង និងថវិការាប់លានដុល្លារដល់ប្រជាជន និងប្រទេសឡាវ ដើម្បីទប់ស្កាត់ការរីករាលនូវមេរោគកូវីដ១៩នេះជាបន្តបន្ទាប់ផងដែរ។

    ជាមួយគ្នានោះឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ប្រទេសឡាវនាពេលកន្លងទៅ ជាពិសេសការជួយឧបត្ថម្ភក្នុងការទប់ស្តាត់ជំងឺកូវីដ-១៩ ដោយបានផ្តល់ជំនួយជាវ៉ាក់សាំង ២០ម៉ឺនដូស ហើយក្នុងជំនួបជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីម្សិលមិញនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់វ៉ាក់សាំងចំនួន៥០ម៉ឺនដូសថែមទៀត និងជំនួយជាថវិការបស់រាជរដ្ឋាភិបាល និងពីសម្បុរសជនចំនួន ១៣លានដុល្លារអាមេរិកផងដែរ។

    ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បាន សម្តែងនូវសេចក្តីសប្បាយរីករាយដោយបានឃើញចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជនកម្ពុជា-ឡាវមានការរីកចម្រើនជាលំដាប់ឈានដល់កម្រិតកំពូលគឺ ភាពជាដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង និងការជួយគ្នាក្នុងគ្រាដែលជួបការលំបាកដូចជាបញ្ហាមេរោគកូវីដ១៩នេះជាដើម។

    សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាបានគាំទ្រ និងលើកទឹកចិត្តចំពោះរាល់គម្រោងនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច សង្គម អប់រំ វប្បធម៌ ទេសចរណ៍ និងការបង្កើនកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមូលដ្ឋាន និងអង្គភាពនៅតាមបណ្តោយព្រំដែន ដើម្បីថែរក្សាសន្តិសុខ ទប់ស្កាត់រាល់សកម្មភាពប្រឆាំងរបស់ពួកអមិត្ត អំពើភេរវកម្ម និងអំពើឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទផងដែរ។

    សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេរភាគី និងពហុភាគី ដូចជា៖ អន្តរសភាអាស៊ាន (AIPA) សហភាពអន្តរសភា (IPU) សភានិយាយភាសាបារាំង (APF) និងក្រុមសមាជិកសភាទទួលបន្ទុកតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម CLV ជាដើមនោះ។

    នៅក្នុងកិច្ចជំនួបនោះដែរ សម្តេចប្រធានព្រឹទ្ធសភាបានឯកភាពចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីឡាវដែលបានលើកឡើងអំពីបញ្ហាព្រំដែន ហើយព្រឹទ្ធសភាកម្ពុជាតែងតែគាំទ្រ និងលើកទឹកចិត្តឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរខិតខំដោះស្រាយបញ្ហា ដែលនៅសេសសល់១៤%ទៀតនេះ ដើម្បីកសាងខ្សែព្រំដែននៃប្រទេសទាំងពីរឱ្យក្លាយទៅខែ្សព្រំដែនដែលមានសន្តិភាព ស្ថិរភាព មិត្តភាព និងមានការអភិវឌ្ឍ ដើម្បីទុកជាមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅទាំងជំនាន់នេះ និងជំនាន់ក្រោយរបស់ប្រទេសទាំងពីរនោះ៕

    អត្ថបទទាក់ទង