សម្ដេចតេជោ ហ៊ុន សែន សម្រេចអនុម័តទាំងស្រុងលើគម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីចំនួន៣
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើសំណើសុំការពិនិត្យសម្រេចលើគម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីចំនួន៣ គម្រោងថ្មីបន្ថែម។ នេះបើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាឯកឧត្ដម ផៃ ស៊ីផាន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក។
ឯកឧត្ដម ផៃ ស៊ី ផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីថ្មីចំនួន៣នោះ រួមមាន ៖
– គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព១៥០ មេហ្កាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង
– គម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជុន ៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ
– គម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូន ៥០០គីឡូវ៉ុល ពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ។
ឯកឧត្ដមបានឲ្យដឹងដែរថា ផលប្រយោជន៍សំខាន់នៃការអភិវឌ្ឍន៍គម្រោងនេះ ក្រៅពីផលិតអគ្គសនី ៥២៧ លានគីឡូវ៉ាត់ម៉ោងក្នុង ១ឆ្នាំ ដែលមានថ្លៃ ៧,៩២ សេនអាមេរិកក្នុង១គីឡូវ៉ាត់ម៉ោង ថេរ ៣៥ឆ្នាំ កម្រោងនេះនឹងជួយស្តុកប្រភពទឹកភ្លៀងនៅរដូវវស្សាបន្ថែម ទុកនៅក្នុងអាងទឹកថ្មីទាំង២នៃគម្រោងវារីអគ្គិសនីតាតៃលើ ដែលជួយកាត់បន្ថយការហៀរទឹកចោល និងការពិន័យដោយមិនបានផលិតអគ្គិសនីនៅវារីអគ្គិសនីស្ទឹងតាតៃ នៅរដូវវស្សា និងស្តុកទឹកនេះទុកសម្រាប់ការផលិតអគ្គិសនីនៅវារីអគ្គិសនីស្ទឹងតាតៃលើនៅរដូវប្រាំង និងបង្ហូរចុះមកឱ្យអាងវារីអគ្គិសនីស្ទឹងតាតៃនៅខាងក្រោម ដើម្បីផលិតអគ្គិសនីបន្ថែមនៅរដូវប្រាំងចំនួន ១០៨ លានគីឡូវ៉ាត់ម៉ោងបន្ថែមទៀត។
ផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ បទប្បញ្ញត្តិជាធរមាន និងការលើកទឹកចិត្តវិនិយោគ រដ្ឋនឹងទទួលបានចំណូលពន្ធពីគម្រោង ដូចតទៅ៖
– ចំណូលពន្ធលើប្រាក់ចំណូល ពន្ធកាត់ទុកលើចំណាយការប្រាក់ និងពន្ធកាត់ទុកលើការបែងចែកភាគលាភ សរុបចំនួន ១៩៩ ៧០៥ ៩៨៤ ដុល្លារអាមេរិក ក្នុងរយៈពេលសម្បទាន ៣៩ឆ្នាំ
– ក្នុងករណីអាករលើតម្លៃបន្ថែម (VAT) ត្រូវបានដាក់ឱ្យអនុវត្ត រដ្ឋនឹងទទួលបានចំណូលពីអាករនេះសរុបចំនួន ១៤៤ ៦២៣ ៥៥៦ ដុល្លារអាមេរិក ក្នុងរយៈពេល ៣៥ឆ្នាំ នៃអាណត្តិប្រតិបត្តិការអាជីវកម្ម។ ចំណូលពន្ធខាងលើ នៅមិនទាន់គិតបញ្ចូលចំណូលពន្ធមួយចំនួនទៀតដូចជា ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធកាត់ទុកលើការជួលនានា និងពន្ធដោយប្រយោលដទៃទៀត៕