គិតត្រឹមពេលនេះ កម្ពុជាដណ្ដើមបានមេដាយ ៣គ្រឿងហើយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី
គិតត្រឹមពេលនេះ អត្តពលិកជនពិការកម្ពុជាដណ្ដើមបានមេដាយ ៣គ្រឿងហើយ ក្នុងនោះមាស ២ និងសំរឹទ្ធ១ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្មអត្តពលិកជនពិការកម្ពុជា។
ឯកឧត្តមអគ្គលេខាធិការបន្តថា ជ័យជំនះនេះបានបង្កនូវភាពសប្បាយរីករាយ សម្រាប់គណៈប្រតិភូ និងអត្តពលិកជនពិការកម្ពុជា បន្ទាប់ពីឈ្នះមេដាយមាស ១គ្រឿងជាលើកដំបូងដោយក្រុមកីឡាការិនីបាល់បោះជិះរទេះ (យកឈ្នះក្រុមកីឡាការិនីបាល់បោះថៃក្នុងលទ្ធផល ៧-៥ លើវិញ្ញាសានារី ៣ទល់៣នាក់) ខណៈកីឡាវាយកូនឃ្លីលើតុឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសាវាយគូកាលពីថ្ងៃទី៣១ ខែមិថុនា។
ចំណែកឯមេដាយមាសទី២ របស់កម្ពុជាកើតឡើងនៅព្រឹកថ្ងៃទី០១ ខែសីហានេះ បន្ទាប់ពីកីឡាការិនី វិច ចន្ថា ឈ្នះលើវិញ្ញាសាលោតចម្ងាយ (T44)។
ឯកឧត្តមបានបន្ថែមថា ក្រៅពីការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២២នេះ «គណៈប្រតិភូយើងដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម វ៉ាត់ ចំរើន ក៏កំពុងចុះសិក្សាស្វែងយល់គ្រប់ទីកន្លែងប្រកួត ដើម្បីយកបទពិសោធន៍ទៅវិញ កែច្នៃយ៉ាងមិចឲ្យកម្ពុជាយើងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងសហគមន៍អាស៊ាន ត្រៀមរៀបចំព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាឆ្នាំ២០២៣ នៅកម្ពុជាអោយទទួលបានជោគជ័យ។
គួរបញ្ជាក់ថា ព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី៣០ ខែកក្កដាដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ក្នុងនោះកម្ពុជាបានបញ្ជូនអត្តពលិកសរុប ១១៥នាក់លើ ១១ប្រភេទកីឡាចូលរួម គឺមានកីឡាអត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់ចលករខួរក្បាល (៧ម្ខាង) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងប៊ូស្យា៕
ប្រភព៖ BTVNews