សម្ដេចតេជោ៖ ព្រឹត្តិការណ៍ ៣វិច្ឆិកា អាចនឹងត្រូវបិទបញ្ចប់នៅតាមបណ្ដារាជធានី-ខេត្តទូទាំងប្រទេស ក្រោយធ្វើចត្តាឡីស័កគ្រប់តាមការកំណត់
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ថា ព្រឹត្តិការណ៍ ៣វិច្ឆិកា អាចនឹងត្រូវបិទបញ្ចប់នៅតាមបណ្ដារាជធានី-ខេត្តទូទាំងប្រទេស ក្រោយធ្វើចត្តាឡីស័កគ្រប់តាមការកំណត់ (១៤ថ្ងៃ)។
សម្ដេចតេជោមានប្រសាសន៍ថា ក្នុងពេលរង់ចាំការធ្វើតេស្តចំពោះបងប្អូនផ្សេងទៀត សម្ដេចអាចប្រកាសជូនជ្រាបថា ព្រឹត្តិការណ៍ ៣វិច្ឆិកា នឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័កតាមពេលវេលាដូចខាងក្រោម៖
១. សម្រាប់ថ្ងៃ១៩ វិច្ឆិកា ២០២០ មានរាជធានីភ្នំពេញចំនួន ១៥៦៩នាក់ (មានជនជាតិហុងគ្រីចំនួន៥នាក់) ដោយរាប់ទាំងអ្នកវិជ្ជមាន៤នាក់ ក្នុងនោះជាសះស្បើយ១នាក់ និង៣នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង។ ខេត្តកណ្តាលចំនួន៦៧នាក់ ខេត្តពោធិសាត់ចំនួន៤០នាក់ ខេត្តព្រៃវែងចំនួន ២៣នាក់ ខេត្តកំពង់ធំចំនួន៣នាក់។
២. សម្រាប់ថ្ងៃ២១វិច្ឆិកា២០២០ គឺខេត្តកំពង់ឆ្នាំងចំនួន១១នាក់។
៣. សម្រាប់ថ្ងៃ២៣វិច្ឆិកា មានខេត្តកែប ចំនួន១៨នាក់ ខេត្តព្រះសីហនុចំនួន ៤០នាក់ ខេត្តកំពង់ចាមចំនួន១នាក់។
៤. សម្រាប់ថ្ងៃ ២៥វិច្ឆិកា ២០២០មានខេត្ត ព្រះវិហារចំនួន២០នាក់ ខេត្តរតនគិរីចំនួន១០នាក់។
សម្ដេចតេជោបញ្ជាក់ថា ការដែលយើងអាចប្រកាសបិទបញ្ចប់បាន គឺនៅត្រង់យើងគ្រប់គ្រងបានចំនួនមនុស្សរហូត ១៨០២នាក់នៅតាមរាជធានី ខេត្តចំនួន១១ ដែលមានការពាក់ព័ន្ធការធ្វើតេស្ត និងការធ្វើចត្តាឡីស័កបានត្រឹមត្រូវរយៈពេល១៤ថ្ងៃ ដែលបញ្ហានេះសម្ដេចបានពិភាក្សាយ៉ាងហ្មត់ចត់ជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល។
សម្ដេចតេជោបានបន្តទៀតថា ការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកាមិនមែនមានន័យថាយើងបញ្ចប់ការខិតខំ ដើម្បីប្រយុទ្ធជាមួយកូវីដ១៩នោះទេ ផ្ទុយទៅវិញយើងត្រូវខិតខំច្រើនជាងមុន ដើម្បីទប់ស្កាត់ឃាដករលាក់មុខដែលយើងមើលមិនឃើញតាមរយៈការពាក់ម៉ាស ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាព។ល។ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕