កាកបាទក្រហមកម្ពុជាប្រគល់ថវិកាចំនួន ១លានដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា
កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២២នេះ បានឧបត្ថម្ភថវិកា ១លានដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជាលើកទី៥ ដែលត្រូវជាលើកទី១១ (ឆ្នាំទី១១) សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា គិតចាប់តាំងពីឆ្នាំ២០១២រៀងមក។
ពិធីប្រគល់-ទទួលថវិកាខាងលើនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមវត្តមាន លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកាចំនួន ១លានដុល្លារនេះ ក៏ត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលតំណាងដោយ លោកវេជ្ជ. Denis Laurent អគ្គនាយក និងជាតំណាងមូលនិធិគន្ធបុប្ផាស្វីស ក្នុងពេលនោះដែរ។
ក្នុងឱកាសជួបសវនាការនោះ លោកជំទាវអគ្គលេខាធិការ បានសម្តែងនូវក្តីសោមស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញដល់របស់គណៈប្រតិភូ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរជូនចំពោះគណៈប្រតិភូ ក៏ដូចជាស្ថាបនិក-ថ្នាក់ដឹកនាំ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលខិតខំប្រឹងប្រែងកៀរគររកមូលនិធិដើម្បីទ្រទ្រង់ដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ជាពិសេស ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យកុមារគន្ធបុប្ផាទាំងអស់ ដែលបានខិតខំប្រឹងប្រែងផ្តល់សេវាកម្មសុខភាព ជូនស្ត្រីមានផ្ទៃពោះ និងកុមារកម្ពុជារាប់ពាន់ រាប់ម៉ឺននាក់នៅទូទាំងប្រទេស។ ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការ បានគូសបញ្ជាក់ថា «ចំពោះមន្ទីរពេទ្យកុមារគន្ធបុប្ផា គឺជាអាទិភាពមួយដែលតែងតែស្ថិតនៅក្នុងព្រះរាជហឫទ័យ និងដួងចិត្ត ជានិច្ចរបស់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅក្នុងការគិតគូរ និងចូលរួមចំណែករែកពន់ជាមួយរាជរដ្ឋាភិបាល និងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យ មន្ទីរពេទ្យកុមារគន្ធបុប្ផា អាចបន្តបេសកកម្មផ្តល់សេវាសុខភាពជូនដល់កុមារកម្ពុជារាប់ម៉ឺនសែននាក់បន្តទៅទៀត»។ បន្ថែមពីនេះ លោកជំទាវ ក៏បានជម្រាបជូនអំពីសកម្មភាពកៀរគររកមូលនិធិរបស់កាកបាទក្រហមកម្ពុជា ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា និងការអនុវត្តសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ២០២១-២០៣០របស់កាកបាទក្រហមកម្ពុជាផងដែរ។
ជាកិច្ចឆ្លើយតប ឯកឧត្តម រស់ សីលវ៉ា ក្នុងនាម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលខិតខំស្វះស្វែងរកការឧបត្ថម្ភគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ហើយបានបន្តចូលរួមចំណែកជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលនេះបានបង្ហាញពីការគិតគូររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការលើកកម្ពស់សុខុមាលភាពកុមារ ដែលជាមូលធនមនុស្សនៅកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យ មូលនិធិគន្ធបុប្ផាកម្ពុជា នៅតែមានលទ្ធភាពក្នុងការទ្រទ្រង់ប្រតិបត្តិការផ្តល់នូវសេវាកម្មជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជាឱ្យបានជារៀងដរាប។ ជាមួយគ្នានេះដែរ ឯកឧត្តម បានគូសបញ្ជាក់ថា «មូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស បាននិងកំពុងពិភាក្សា ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែរឹងមាំ គិតគូរពីការពង្រីកមន្ទីរពេទ្យ ពីការបំពាក់គ្រឿងបរិក្ខាពេទ្យទំនើបទាន់សម័យ និងការផ្តល់សេវាសុខភាពនានា ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ»។
ឆ្លៀតក្នុងឱកាសនោះដែរ លោកវេជ្ជ. Denis Laurent ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១២រៀងមក មកដល់ពេលនេះគឺចំនួន ១១លើក ហើយដែលនេះជាការឧបត្ថម្ភដ៏ថ្លៃថ្លាសម្រាប់ជួយសង្គ្រោះអាយុជីវិតដល់កុមារទាំងអស់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកុមារគន្ធបុប្ផា៕