គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញប្រារព្ធខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២​ |
    សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញប្រារព្ធខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញប្រារព្ធខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

    ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Phạm Minh Chính នាយករដ្ឋមន្ត្រីវៀតណាមបាន អញ្ជើញជាអធិបតី ក្នុងខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និង សម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

    ក្នុងឱកាសរំលឹកទិវាជាប្រវត្តិសាស្រ្តនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ដល់នាយករដ្ឋមន្រ្តីវៀតណាម ដែលអនុញ្ញាតឲ្យសម្តេចបានអញ្ជើញទៅអ៊ុចធូប និងថ្លែងអំណរគុណពលរដ្ឋវៀតណាម ដែលបានជួយសម្តេចកាលពី៤៥ឆ្នាំមុន ក្នុងដំណើរទៅស្វែងរកកម្លាំងដើម្បីរំដោះប្រជាជនកម្ពុជាពីររបស់ ប៉ុល ពត។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីរយៈពេល ៤៥ឆ្នាំមុន នៃដំណើរតស៊ូរំដោះជាតិ សម្ដេចមានជំរើសមួយចំនួន ដែលសម្តេចត្រូវសម្រេចជ្រើសរើស តែអ្វីដែលសម្តេចបានជ្រើសរើសនាពេលនោះ គឺត្រូវឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាមដោយខុសច្បាប់ ដើម្បីសុំអន្តរាគមន៍ជំនួយគាំទ្រផ្នែកប្រដាប់អាវុធ ដើម្បីរំដោះប្រជាជនកម្ពុជាពីរបបអាវខ្មៅ ឃោរឃៅ យង់ឃ្នងនោះ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា កាលពីអំឡុង ៤៥ឆ្នាំមុននោះ គឺជាការសម្រេចចិត្តស្លាប់-រស់ ដែលយើងមិនមានជម្រើសល្អជាងនោះឡើយ។ សម្តេចតេជោ បញ្ជាក់ថា «អ្វីៗត្រូវចាប់ផ្តើមនៅទីនេះ គឺតំបន់កោះថ្ម-X-16»នេះ ។

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ទៀតថាបើគ្មាន២០មិថុនា ១៩៧៧ ក៏គ្មាន១២ឧសភា និង២ធ្នូ ឆ្នាំ១៩៧៨ ដែរ ហើយក៏មិនអាចមានថ្ងៃ ៧ មករា ដែលជាថ្ងៃផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដែរ។សម្តេចតេជោបានមានប្រសាសន៍អះអាងថា សម្តេចជាតួអង្គមួយ ដែលបានតភ្ជាប់នយោបាយសំខាន់ ៤៥ឆ្នាំមកនេះ និងជាអ្នកបង្កើតកងទ័ព មិនមែនត្រឹមតែជាមេទ័ពនោះទេ។ សម្តេចតេជោបានថ្លែងទៀតថា ទង្វើរបស់វៀតណាម ដោយចូលមកជួយរំដោះប្រជាជនកម្ពុជា កាលពី៤៥ឆ្នាំមុន ជារឿងត្រឹមត្រូវ ដោយកាត់ក្តីដោយតុលាការកូនកាត់ ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិនាពេលបច្ចុប្បន្ននេះ។

    នៅថ្ងៃរំលឹកទិវាជាប្រវត្តិសាស្រ្តនេះសម្ដេចតេជោ ហ៊ុន សែន បានស្រក់ទឹកភ្នែក និងអួលដើមក ខណៈ ដែលសម្តេចរំលឹកអំពីប្រវត្តិសាស្រ្ត ទៅកាន់ប្រទេសវៀណាមកាលពី៤៥ឆ្នាំមុន ដើម្បីស្នើសុំកងកម្លាំងវៀតណាមមកជួយ រំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។​ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដោយចោទជាសំនួរថា តើការអន្តរាគមន៍របស់កងទ័ពវៀតណាមចូលមកជួយរំដោះប្រជាជនកម្ពុជាត្រូវ ឬខុស? ចម្លើយ គឺតាមរយៈតុលាការកូនកាត់ កម្ពុជា-អង្គការសហប្រជាជាតិ ដែលកាត់ទោសមេដឹកនាំខ្មែរក្រហម ហើយតុលាការនោះមានឈ្មោះជាផ្លូវការថា អង្គជំនុំជម្រះវិសាម័ញ្ញក្នុងតុលាការកម្ពុជា ។

    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សន្តិភាព បានកើតឡើងរយៈពេលជាង ៤៣ឆ្នាំមកហើយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ រយៈពេល ៤៣ឆ្នាំមកនេះ កម្ពុជាបានធ្វើកិច្ចការជាច្រើនជាមួយវៀតណាម ក្នុងនោះសម្រេចការបោះបង្គោលព្រំដែន ៨៤ភាគរយ ខណៈដែលចំណុចសេសសល់ ១៦ភាគរយទៀត កំពុងដំណើរការជាបន្តបន្ទាប់ ដោយឈរលើទស្សនវិស័យព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង។

    ជាថ្មីម្ដងទៀត នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ទៀតថា គោលដៅរបស់សម្តេច គឺកែប្រែតំបន់ព្រំដែនកម្ពុជា-វៀតណាម ទៅជាតំបន់សន្តិភាព និងអភិវឌ្ឍ។ សម្តេចតេជោបានថ្លែងថា សម្តេចបានចុះហត្ថលេខា ដោយបង្កដីនៅ តំបន់ X16 ជាង១ពាន់ហិកតា ដើម្បីធ្វើជាតំបន់ពាណិជ្ជកម្ម។ សម្តេចបានស្នើឱ្យបង្កលក្ខណៈងាយស្រួលដល់ ប្រជាជនកម្ពុជា និងវៀតណាម ចូលទស្សនាទៅវិញទៅមកតំបន់ប្រវត្តិសាស្រ្ត X16 ដោយមិនចាំបាច់ប្រើប្រាស់លិខិតឆ្លងដែន។ សម្ដេចតេជោបានមានប្រសាសន៍ថាក្នុងរយៈពេលដ៏ខ្លីខាងមុខនេះតំបន់ព្រំដែនកម្ពុជា-វៀតណាមនៃតំបន់ x-16 នេះនឹងក្លាយទៅជាតំបន់សេដ្ឋកិច្ចវិនិយោគដ៏សំខាន់សម្រាប់សក្តានុពលរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរហើយនឹងធ្វើឲ្យសេដ្ឋកិច្ចតំបន់នេះមានភាពល្អប្រសើរបន្ថែមទៀតនាពេលខាងមុខ។

    បន្ទាប់ពីការថ្លែងនៅសង្កថារួចហើយ សម្តេចតេជោ និងឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមក៏បានអញ្ជើញសម្ពោធសមិទ្ធផលសំខាន់ៗជាច្រើន ដាក់ឱ្យប្រើប្រាស់ចាប់ពីពេលនេះតទៅ៕

     

    អត្ថបទទាក់ទង