គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន​​ សែន​ ៖ គ្រឿងញៀននៅតែ​ជា​បញ្ហាស្មុគ្រ​ស្មាញ ដែល​គំរាម​កំហែង​ដល់​សុខភាព​សាធារណៈ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១​ |
    សម្តេចតេជោ ហ៊ុន​​ សែន​ ៖ គ្រឿងញៀននៅតែ​ជា​បញ្ហាស្មុគ្រ​ស្មាញ ដែល​គំរាម​កំហែង​ដល់​សុខភាព​សាធារណៈ សម្តេចតេជោ ហ៊ុន​​ សែន​ ៖ គ្រឿងញៀននៅតែ​ជា​បញ្ហាស្មុគ្រ​ស្មាញ ដែល​គំរាម​កំហែង​ដល់​សុខភាព​សាធារណៈ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ បាន​អំពាវនាវ​ដល់​គ្រប់ស្ថាប័ន ដៃគូអភិវឌ្ឍ ព្រះ សង្ឃ ប្រជាពលរដ្ឋ​អោយ​បន្ត​ចូល​រួម​ទប់ស្កាត់​​ និង​អប់រំកូន​ចៅ​អោយ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន ហើយ​គ្រឿងញៀននេះ​នៅ​តែ​ជា​បញ្ហា​ស្មុគ្រស្មាញ ដែល​គំរាម​កំហែង​ដល់សុខភាពសាធារណៈ និងការអភិវឌ្ឍរបស់ប្រទេស។

    ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ២០២១​ សម្តេចតេជោ បាន​ផ្ញើសារលិខិតជូនជនរួមជាតិ​ដោយ​សរសេរថា ក្នុង​នាមរាជរដ្ឋាភិបាល នៃ ព្រះរាជា​ណា​ចក្រកម្ពុជា និង​ក្នុងនាមជាភាគីហត្ថលេខីនៃអនុសញ្ញា និងពិធីសារ របស់​អង្គការ​សហប្រជាជាតិដែល​ពាក់ព័ន្ធនឹង​គ្រឿងញៀន សម្តេចបានសម្ដែងមនោសញ្ចេតនា​រីក​រាយ​ចូលរួម និង​គាំទ្រ​យ៉ាងពេញ​ទំហឹង​ចំពោះ​ខ្លឹមសារ និងការរៀបចំប្រារ​ព្ធ​ទិវា​អន្តរជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ២០២១ ក្រោមប្រធានបទ “ចែករំលែកព័ត៌មានពិត​ពីគ្រោះថ្នា​ក់​​ នៃ​​គ្រឿងញៀន គឺជួយសង្គ្រោះជីវិត​ក្នុងគោលបំណង​ បន្ត​បំផុស​ឱ្យ​ជន​គ្រប់​រូប​បង្កើន​ការ​ស្វែង​យល់អំ​ពី​គ្រោះថ្នាក់​ នៃគ្រឿងញៀន ក៏ដូចជាយល់ដឹងអំពីសារៈសំខាន់ នៃការប្រើប្រាស់​ចំណេះ​ដឹង និងមានភស្តុតាង​ធ្វើ​ជាមូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាព​ក្នុងការចូលរួមបង្ការទប់ស្កាត់ ព្យាបាល​ដល់ជន​ដែលងាយ និងកំពុងរងគ្រោះដោយសារ​គ្រឿងញៀន និង​ចែក​រំលែក​ព័ត៌មានពិត ក្នុង​ការដោះស្រាយ​រាល់​បញ្ហា​ដែល​មាន​ការ​ពាក់ព័ន្ធនឹ​ង​គ្រឿងញៀន ទាំង​ក្នុង​កម្រិត​បុគ្គល​គ្រួសារ សហគមន៍ និងសង្គមជាតិ​ទាំងមូ​ល។

    សម្តេចបានបន្ត​ថា ទោះបីជាយើងសម្រេចបាននូវលទ្ធផលគួរជាទី​មោទនៈក៏ដោយ​ ក៏បញ្ហា​គ្រឿងញៀន​នៅ​តែ​ជាបញ្ហា សង្គម​ដ៏ស្មុគ​ស្មាញ​មួយ ដែល​បាន​គំរាម​កំហែង​ដល់​សុខភាព​សាធារណៈ សន្តិសុខ ​សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍ​សង្គម​រប​ស់​យើង។ ដូច្នេះ​ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព ​និង​ប្រសិទ្ធផល​បន្ថែម​ទៀត​លើកា​រងារ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុង​ដំណាក់កាល​នៃ​ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ឱ្យស្រប​តាម​ខ្លឹមសារ​នៃ​ប្រធាន​បទ​ដែល​បាន​លើក​ឡើង​សម្រាប់​ឆ្នាំ​នេះ សម្តេចបានណែនាំ និងអំពាវនាវ អោយអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និងគណៈបញ្ជាការយុទ្ធនា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ ព្រមទាំងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ត្រូវបន្តយកចិត្តទុកដាក់ម្ចាស់ការប្រកប ដោយការទទួលខុសត្រូវខ្ពស់ អនុវត្តឱ្យកាន់តែមាន​ប្រសិទ្ធភាព​ទៅ​តាម​តួនាទី​ និង​ភារកិច្ច​របស់​ខ្លួន​នូវផែនការយុទ្ធនាការប្រយុទ្ធ​ប្រឆាំងគ្រឿងញៀនខុសច្បាប់​លើក​ទី៦ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញនាពេ​លកន្លង​ទៅនេះ៕

     

    អត្ថបទទាក់ទង