សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ

ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសរសេរថា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺជាខួប៤ ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់ អង្គការយូណេស្កូ(៣០ វិច្ឆិកា ២០១៦-៣០ វិច្ឆិកា ២០២០) នៅទីក្រុង អាឌីស អាបាបា ប្រទេសអេត្យូពី។
សម្ដេចតេជោ បានបង្ហាញឲ្យដឹងដែរថា ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្តផងដែរ។ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗ ដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។
សម្ដេចេតេជោ ហ៊ុន សែន ក៏បានថ្លែងអរគុណផងដែរ ដល់ព្រឹទ្ធាចារ្យ សិល្បករចាប៉ីដងវែងទាំងឡាយ ដែលបានចូលរួមក្នុងការថែរក្សានូវសិល្បៈមួយនេះ ឱ្យបានគង់វង្ស និងអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលតែងតែខ្នះខ្នែងក្នុងការសិក្សាស្រាវជ្រាវក៏ដូចជា រៀបចំស្នើទៅអង្គការយូណេស្កូ ក្នុងការដាក់បញ្ចូលសម្បត្តិវប្បធម៌របស់កម្ពុជាមួយចំនួនចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។ សម្ដេចតេជោ បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ បន្តថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិយើងឱ្យនៅគង់វង្ស ជាបន្តបន្ទាប់ទៀត៕