សម្ដេចតេជោ៖ ថវិកាព្រះរាជអំណោយ និងសប្បុរសជន សម្រាប់ការដោះមីនបានចំណាយអស់ រាជរដ្ឋាភិបាលសម្រេចបញ្ចេញ ៣០លានដុល្លារបន្ថែម

នៅល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថវិកាចំនួន ១៨ ៤៧៣ ៥៧០ដុល្លារដែលចេញពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ និងសប្បុរសជន សម្រាប់ការដោះមីនត្រូវចំណាយអស់នៅត្រឹមព្រឹកថ្ងៃនេះ។
សម្ដេចតេជោបន្តថា ដើម្បីធានាថា ឆ្នាំ២០២៥ កម្ពុជានឹងអស់គ្រាប់មីនសម្ដេចបានពិភាក្សាជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារភ្លាមដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ថវិកានេះរួមជាមួយថវិកាពីដៃគូរអភិវឌ្ឍអាចបន្តប្រើប្រាស់បានក្នុងឆ្នាំ២០២៣។ ក្នុងករណីខ្វះ និងសម្រាប់ឆ្នាំ២០២៤ និង២០២៥ អាជ្ញាធរមីនត្រូវធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីរៀបចំថវិកាប្រចាំឆ្នាំ។
ជាមួយគ្នានេះ ដើម្បីឲ្យឆ្នាំ២០២៥ កម្ពុជាគ្មានមីន ការផ្តល់ដីដោយសុវត្ថិភាព និងដោយស្នាមញញឹមសម្ដេចតេជោ បានអំពាវនាវសប្បុរសជនមេត្តាបន្តចូលរួមឧបត្ថម្ភទៅតាមលទ្ធភាព។
សូមឲ្យឆ្នាំ២០២៥ក្លាយជាឆ្នាំគ្មានមនុស្សស្លាប់ របួស និងជាឆ្នាំប្រកបដោយស្នាមញញឹមបន្ទាប់ពីរងគ្រោះដោយគ្រាប់មីនរយៈពេល៥៥ឆ្នាំ(១៩៧០.២០២៥)៕